(កំពង់ចាម-កំពង់ធំ)៖ នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ រហូតពិការអស់មួយជីវិតចំនួន២នាក់ រស់នៅខេត្តកំពង់ចាម និងខេត្តកំពង់ធំ។

គ្រួសារជនរងគ្រោះខាងលើនេះរួមមាន៖

១៖ លោក មាង សុភ័ក្រ្ត អាយុ ៣២ឆ្នាំ ពិការដាច់ជើងខាងស្តាំ និងបាត់បង់អវយវៈក្រោម ដោយបន្ទោបង់តាមបំពង់ទុយោ មានប្រពន្ធ និងកូនប្រុស-ស្រី ៣នាក់ នៅក្នុងបន្ទុក រស់នៅភូមិថ្មពូនកណ្តាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

២៖ លោក ជា ឆាំ អាយុ ៤៥ឆ្នាំ ពិការដាច់ជើងទាំងសងខាង មានកូនប្រុស-ស្រី ៣នាក់ នៅក្នុងបន្ទុក នៅខេត្តកំពង់ធំ។ ចំណែកឯភរិយាបានបាត់បង់ជីវិតភ្លាមៗ ក្នុងពេលជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយគ្នានោះ ហើយថ្ងៃនេះក៏ត្រូវជាថ្ងៃធ្វើបុណ្យគម្រប់១០០ថ្ងៃផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ ក្តីអាណិតអាសូរ និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ។

ទន្ទឹមនឹងនេះ លោកស្រីបានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ជនរងគ្រោះទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ត្រូវខិតខំតស៊ូទោះជាពិការកាយតែមិនពិការចិត្ត ដើម្បីជីវិតរស់នៅបន្តទៅមុខទៀត និងដើម្បីសុភមង្គលក្នុងគ្រួសារ។ ជាមួយគ្នានេះ សូមកូនៗទាំងអស់ជួយមើលថែទាំឪពុកឱ្យបានល្អ ធ្វើជាកូនកតញ្ញូ ហើយត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង។

លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

សូមបញ្ជាក់ថា គ្រួសារជនរងគ្រោះនីមួយៗទទួលបាន ៖ អង្ករ១០០គីឡូក្រាម មី៤កេស ត្រីខ៤០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត និងថវិកា ១០លានរៀល។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដែរ។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់ចាស់ឥតទីពឹងចំនួន ៥គ្រួសារ ដែលរស់នៅភូមិថ្មពូនកណ្តាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទៀតផង៕