(ព្រៃវែង)៖ ក្នុងឱកាសដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានការឈប់សម្រាក ជាការសងជំនួសថ្ងៃបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខេត្តព្រៃវែងទាំងមូលទទួលបានភ្ញៀវទេសចរសរុបជិត១ម៉ឺននាក់ ក្នុងនោះតំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី ក្នុងស្រុកបាភ្នំ មានភ្ញៀវទេសចរចូលទៅលេងកម្សាន្តច្រើនជាងគេ។
លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរខេត្តព្រៃវែង បានឲ្យដឹងថា រមណីយដ្ឋានដែលភ្ញៀវទេសចរបាននាំគ្នាទៅលេងកម្សាន្តនៅខេត្តព្រៃវែង រួមមាន៖ រមណីយដ្ឋានធម្មជាតិនគរភ្នំ (ភ្នំឈើកាច់) រមណីយដ្ឋានទួលបារាយណ៍អណ្តែត រមណីយដ្ឋានទេសចរណ៍ស្ទឹងចារ សួនសត្វតាដាបាយ៉ាប តំបន់ទេសចរណ៍ដីដុះ និងតំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី និងប្រាសាទព្រៃដើមស្រុក ហើយក្នុងចំណោមតំបន់ទេសចរណ៍ទាំងអស់នេះ តំបន់អភិរក្សសត្វស្លាបទួលពាន់តាឡី ក្នុងស្រុកបាភ្នំ មានភ្ញៀវទេសចរចូលទៅលេងកម្សាន្តច្រើនជាងគេ។
លោកប្រធានមន្ទីរបានបន្ថែមថា នៅក្នុងរយៈពេល៤ថ្ងៃនេះ នៅតាមបណ្តារមណីយដ្ឋាននានាក្នុងខេត្តព្រៃវែងមានភ្ញៀវចូលទៅលេងកម្សាន្តច្រើន គឺចាប់ពី ៥០០-១០០០ នាក់ឯណោះក្នុង១ថ្ងៃ។
លោកថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមអ្នកទេសចរ មន្ទីរទេសចរណ៍ខេត្តបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះអប់រំផ្សព្វផ្សាយដល់ក្រុមអាជីវករ និងសន្តិសុខនៅតាមរមណីយដ្ឋានទាំងនោះឱ្យចេះរៀបចំសណ្តាប់ធ្នាប់ និងថែរក្សាអនាម័យនៅតាមតូបលក់ដូរ និងនៅតាមកន្លែងកម្សាន្ត ជាពិសេសគឺផ្សព្វផ្សាយអំពីការការពារជំងឺកូវីដ-១៩ ផងដែរ៕