(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋចំនួន ២នាក់ បានស្លាប់ក្នុងថ្ងៃតែមួយ ដោយសារគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា កើតឡើងក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងនោះមានម្នាក់ជាក្មេងប្រុសអាយុ១០ឆ្នាំ និងបុរសវ័យ៤៥ឆ្នាំម្នាក់ទៀត, នេះបើតាមលោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ។
ករណីទី១ កើតទ្បើងនៅវេលាម៉ោង ៨៖៣០ នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ២៥៨ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ ១៥-១៦ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់។
ករណីនេះបានកើតឡើងរវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-8284 ធ្វើដំណើរពីត្បូងទៅជើង ពេលដល់ចំណុចកើតហេតុបានបុកនឹងម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកដោយឈ្មោះ រិន រ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បណ្តាលឲ្យអ្នកបើកម៉ូតូរងបួសធ្ងន់ បន្ទាប់មក ក៏បានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្ត ក្រោយកើតហេតុបានរត់គេចខ្លួន បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក សែស វិបុល បានបញ្ជាក់ឲ្យដឹងទៀតថា មូលហេតុបណ្តាលឲ្យបុកនោះ គឺម៉ូតូបានបើកចូលគន្លងផ្លូវរថយន្ត ឯរថយន្តបើកមានល្បឿនលឿន។
ករណីទី២ កើតឡើងនៅវេលាម៉ោង ៣៖១៥ នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ក្នុងទីប្រជុំជនលើកំណាត់ ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨០-៣៨១ ស្ថិតនៅភូមិខៃដន ឃុំកូប។
ករណីនេះបានកើតឡើងដោយរថយន្តម៉ាកកាម៉ារី ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2I-3001 បើកពីកើតទៅលិចមកដល់កន្លែងកើតហេតុ ស្រាប់តែបើកទៅបុកអ្នកថ្មើរជើងកំពុងឆ្លងថ្នល់ ឈ្មោះ សួយ គឹមសាន ភេទប្រុស អាយុ១០ឆ្នាំ បណ្ដាលឱ្យស្លាប់នឹងកន្លែងតែម្ដង។
ក្រោយពីកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវស្គាល់ឈ្មោះ ឈាង រត្ថា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មូលហេតុមកពីអ្នកបើករថយន្តបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកអូរជ្រៅ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕