(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សម តារា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង។
នាយឧត្តមសេនីយ៍ សម តារា បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាអនាម័យ លាងសម្អាតដៃជាមួយសាប៊ូ អាកុល ជេលលាងដៃ ឲ្យបានស្អាត ចេញទៅក្រៅផ្ទះត្រូវពាក់ម៉ាស ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ដ៏កាចសាហាវ និងមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។
ជាមួយគ្នានេលោកក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព ធ្វើយ៉ាងណាកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
ពាក់ព័ន្ធគោលនយោបាយភូមិឃុំមានសុវត្ថិភាពវិញ នាយឧត្តមសេនីយ៍ សម តារា បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍នូវគោលនយោបាយនេះ ដើម្បីសេចក្តីសុខ សុវត្ថិភាពសម្រាប់បងប្អូនទាំងអស់គ្នា បើមានបញ្ហាអ្វីត្រូវរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ចឲ្យទាន់ពេលវេលា ដើម្បីឲ្យពួកគាត់ចុះមកដោះស្រាយជូនភ្លាមៗ។
ក្នុងឱកាសចុះជួបសំណេះសំណាលនោះនាយឧត្តមសេនីយ៍ សម តារា បាននាំយកថវិកាមួយចំនួន ផ្តល់ជូនគ្រួសារក្រីក្រ និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចជូនចំពោះបងប្អូនប្រជាពលរដ្ឋផងដែរ៕