(កំពង់ចាម)៖ លោក ងួន ស៊ឹមអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និង លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅវត្តមហាខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន បានប្រកាសទទួលស្គាល់សមាជិក-សមាជិកាថ្មីចំនួន១២០នាក់ (ស្រី៦៦នាក់) ដែលបានគាំទ្រ និងស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណគុណដល់សមាជិក-សមាជិកាថ្មី ដែលជឿជាក់ហើយបានគាំទ្រ និងចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជានាពេលនេះ។
ទន្ទឹមនឹងនោះ លោក អ៊ុន ចាន់ដា បានអំពាវនាវឱ្យសមាជិក-សមាជិកាធ្វើកិច្ចការ ដោយកសាងជំនឿផ្ទៃក្នុងបក្ស ពោលគឺថ្នាក់ដឹកនាំក្របខណ្ឌ និងក្របខណ្ឌគណៈអចិន្ត្រៃយ៍បក្សស្រុក ត្រូវធ្វើសកម្មភាពទាំងឡាយណាឱ្យថ្នាក់ក្រោមរបស់ខ្លួនមានជំនឿទុកចិត្តគ្នាទៅវិញទៅមក ត្រូវដោះស្រាយបញ្ហាផ្ទៃក្នុងឲ្យបានល្អ ដឹកនាំដោយមានការឯកភាពគ្នា និងសាមគ្គីភាព ហាមឈ្លោះគ្នា ប្រជែងអំណាចគ្នា និងការបង្កើតបញ្ហាដែលជាហេតុនាំឲ្យបាក់បែកផ្ទៃក្នុងជាដើម។
ម្យ៉ាងទៀត ការកសាងទំនុកចិត្តឲ្យទៅផ្នែកខាងក្រៅ តាមរយៈសកម្មភាពថ្នាក់ដឹកនាំដែលជាសកម្មជនរបស់គណបក្ស ក៏ដូចជាមន្ត្រីអាជ្ញាធរមូលដ្ឋានត្រូវធ្វើការងារបម្រើសេវានានាជូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយឡើយ ត្រូវប្រកាន់ខ្ជាប់នូវអំពើល្អក្នុងការបម្រើប្រជាពលរដ្ឋ។
លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់សមាជិក-សមាជិកាទាំងអស់សូមចូលរួមថែរក្សាសុខសន្តិភាព ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនថែមទៀត ហើយប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយ ក្នុងចេតនារំលាយរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតចេញពីការបោះឆ្នោត៕