(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ នៅពេលបានឃើញបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ ធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព និងជាពិសេសថែរក្សាអនាម័យសុខភាព ចៀសផុតពីការចម្លងជំងឺកូវីដ១៩។
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណដល់ក្រសួងមន្ទីរគ្រប់ស្ថាប័នទាំងអស់ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសម្រួលសុវត្ថិភាពចរាចរណ៍ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការពារសុខសុវត្ថិភាពជូនបងប្អូនព្រមទាំងភ្ញៀវទេសចរ នៅក្នុងពេលឈប់សម្រាកកន្លងមកនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចជូនពរបងប្អូនជនរួមជាតិ បន្តចូលរួមថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន សរសេរក្នុង Facebook យ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំពិតជារីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋ មានឱកាសបានឈប់សម្រាកនាំក្រុមគ្រួសារ ទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានល្អៗជាច្រើន នៅទូទាំងប្រទេសប្រកបដោយសុវត្ថិភាព។ ជាពិសេសបងប្អូនបានចូលរួមថែរក្សាអនាម័យសុខភាពចៀសផុតពីការចម្លងរោគកូវីដ១៩។
ខ្ញុំក៏សូមអរគុណដល់ក្រសួងមន្ទីរគ្រប់ស្ថាប័នទាំងអស់ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសម្រួលសុវត្ថិភាពចរាចរណ៍ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការពារសុខសុវត្ថិភាព ជូនបងប្អូនព្រមទាំងភ្ញៀវទេសចរ នៅក្នុងពេលឈប់សម្រាក ដែលមានរយៈពេល៥ថ្ងៃកន្លងមកនេះ។
សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខនិងសំណាងល្អ និងសូមបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ១៩ ឲ្យសោះ ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគឲ្យបានជាប្រចាំ ព្រោះជំងឺកូវីដ១៩ ជាជំងឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។ អរគុណសន្តិភាព»៕