(ព្រះសីហនុ)៖ ជនជាតិចិនចំនួន ៣នាក់ បានធ្វើសកម្មភាពភ្ជង់កាំបិតទៅលើជនជាតិចិនដូចគ្នាម្នាក់ទៀតនៅក្រុងព្រះសីហនុ ក្នុងបំណងជម្រិតទារប្រាក់ពីជនរងគ្រោះ ភ្លាមៗនោះក៏មានពលរដ្ឋខ្មែររាយការណ៍ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយកម្លាំងនគរបាលចម្រុះក្នុងខេត្តក៏បានចេញប្រតិបត្តិការបង្ក្រាបទាន់ពេល ដោយរំដោះជនរងគ្រោះបានដោយសុវត្ថិភាព ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានទាំងអស់។

មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។ ភ្លាមៗក្នុងពេលកើតហេតុនោះ មានពលរដ្ឋខ្មែរម្នាក់បានរាយការណ៍មកស្នងការដ្ឋាននគរបាលខេត្ត ហើយស្នងការដ្ឋានក៏បានបញ្ជាទៅកម្លាំងនគរបាល ដែលកំពុងដើរល្បាតនៅចំណុចនោះស្រាប់ ហើយកម្លាំងល្បាតក៏បានចុះប្រតិបត្តិការភ្លាមៗដែរ។

ជនសង្ស័យ នៅពេលឃើញកម្លាំងសមត្ថកិច្ចក៏បាននាំគ្នារត់គេចខ្លួនបាត់អស់ ហើយកម្លាំងសមត្ថកិច្ចក៏រំដោះបានជនរងគ្រោះដោយសុវត្ថិភាព។

បន្ទាប់មក កម្លាំងជំនាញបាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដាក់ពាក្យបណ្តឹង និងធ្វើសកម្មភាពស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនសង្ស័យ។

រហូតដល់ល្ងាចថ្ងៃដដែល ទើបកម្លាំងជំនាញស្រាវជ្រាវដឹងថាជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូប៉ាវជីន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ ក៏បានសហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេស ចុះឃាត់ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ នៅមុខកាស៊ីណូប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ ២នាក់បន្ថែមទៀត ដែលកំពុងលាក់ខ្លួននៅក្នុងកាស៊ីណូប៉ាវជីននោះ។

ជនរងគ្រោះឈ្មោះ ហឺ ជីង (HE JIN) អាយុ២៨ឆ្នាំ មុខរបរម៉ៅការសាងសង់ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ចំណែកជនសង្ស័យទាំង៣នាក់៖
១. ឈ្មោះ ណាង លីហ្វូ (NANG LIFU) អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ ផ្នែកគិតលុយ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅរាជធានីភ្នំពេញ។
២. ឈ្មោះ ឆឹង លាំងពីង (CHENG LIANG PING) អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកហាងបាយ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅរាជធានីភ្នំពេញ។
៣-ឈ្មោះ ជឹង ស៊ានជីង (ZHENG XIAN JIN) អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកផ្សារទំនើប គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ។

កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ កូនកាំបិតស្នៀត ២ដើម (ឧបករណ៍ប្រព្រឹត្តបទល្មើស) ទូរស័ព្ទដៃ ៤គ្រឿង។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕