(សៀមរាប)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ចេញមុខជនសង្ស័យ ៦នាក់ រួមនឹងកាំភ្លើងកែច្នៃ ដាវ កាំបិតមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍ឃាតកម្មដ៏សាហាវ កាលពីយប់ថ្ងៃទី១៩ ខែសីហា នៅលើផ្លូវ៦០ម៉ែត្រ ត្រង់មុខសណ្ឋាគារសុខាសៀមរាប កន្លងទៅ ខណៈជនសង្ស័យផ្សេងទៀតកំពុងរត់គេចខ្លួន ប៉ុន្តែកម្លាំងសមត្ថកិច្ចក៏កំពុងតាមប្រមាញ់ផងដែរ។
លោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប ទទួលការងារយុត្តិធម៌ ដែលបានដឹកនាំប្រតិបត្តិការកំណត់មុខសញ្ញា បានឲ្យបណ្ដាញសារព័ត៌មាន Fresh News ដឹងថា រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ទើបកម្លាំងជំនាញកំណត់មុខសញ្ញាជនសង្ស័យ ហើយបានសុំគោលការណ៍ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដើម្បីចុះឃាត់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងករណីខាងលើបានចំនួន៦នាក់។
លោកបានបន្តថា កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ មុខសណ្ឋាគារសុខាសៀមរាប ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាជាង១០នាក់ ជិះម៉ូតូប្រហែល៨គ្រឿង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះមួយក្រុមទៀតមានគ្នា ៥នាក់ ជិះម៉ូតូចំនួន ៣គ្រឿង។
ក្រុមជនរងគ្រោះ រួមមាន៖
១៖ ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវចំកញ្ចឹងក បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។
២៖ ឈ្មោះ ចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវក្បាល និងដៃ បណ្តាលរបួសធ្ងន់។
៣៖ ឈ្មោះ ភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ត្រូវខ្នងរបួសស្រាល។
៤៖ ឈ្មោះ ចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ (គ្មានរបួស)។
៥៖ ឈ្មោះ ធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង (គ្មានរបួស)។
ចំណែកខាងក្រុមជនសង្ស័យដែលជាប់ពាក់ព័ន្ធទាំង៦នាក់ រួមមាន៖
១៖ ឈ្មោះ សឿន សាន់ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប (ជនដៃដល់)។
២៖ ឈ្មោះ សយ ណុប ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅបន្ទប់ជួលក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (អ្នកបើកម៉ូតូ)។
៣៖ ឈ្មោះ សឿន ឡង់ឌី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅកន្លែងធ្វើការនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប (អ្នកទៅជាមួយ)។
៤៖ ឈ្មោះ បូរី សីហា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប (បក្ខពួកអ្នកទៅជាមួយ) ។
៥៖ ឈ្មោះ ខន ឃីម ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិដំរីឆ្លង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (មិត្តភក្ដិរបស់ជនដៃដល់)។
៦៖ ឈ្មោះ ហ៊ុល សំអូន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិដកពោធិ៍ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (មិត្តភក្ដិរបស់អ្នកបើកបរម៉ូតូ)។ ចំណែកបក្សពួកមួយចំនួនទៀត បានរត់គេចខ្លួន។
ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើប្រាកដមែន។ មូលហេតុ គឺក្រុមជនសង្ស័យធ្លាប់មានទំនាស់ជាមួយភាគីជនរងគ្រោះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។ រហូតដល់ថ្ងៃកើតហេតុ ក្រុមជនសង្ស័យបានឃើញក្រុមម៉ូតូរបស់ក្រុមជនរងគ្រោះ ទើបក្រុមជនសង្ស័យធ្វើសកម្មភាពកាប់ ទៅលើក្រុមជនរងគ្រោះតែម្ដង។
ក្នុងការឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងមួយចំនួន រួមមាន៖ ដាវចំនួន៣ដើម ប្រវែង ០.៧០ម៉ែត្រ ម៉ូតូចំនួន ៤គ្រឿង កាំភ្លើងខ្យល់ចំនួន ១ដើម និងខោអាវពាក់ពេលធ្វើសកម្មភាពចំនួន ២ឈុត។
លោកវរសេនីយ៍ឯក ថា ដាលុច បានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប៕