(កំពង់ធំ)៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើកការបង្ក្រាបក្មេងទំនើង ២នាក់ ក្រោយធ្វើសកម្មភាពគប់កញ្ចក់រថយន្តអ្នកដទៃញឹកញយ ហើយក្នុងពេលឃាត់ខ្លួនបាននោះ សមត្ថកិច្ចថែមទាំងបានរកឃើញថា ក្នុងខ្លួនក្មេងស្ទាវទាំងនេះ មានផ្ទុកសារធាតុញៀន ខណៈស្មារតីពួកគេក៏ជោកជាំដោយគ្រឿងស្រវឹផងដែរ។
សមត្ថកិច្ចបានឱ្យដឹងថា កន្លងមកពួកក្មេងទំនើងមួយក្រុមនេះ តែងតែធ្វើសកម្មភាពគប់កញ្ចក់រថយន្តប្រជាពលរដ្ឋជាញឹកញាប់ ពេលខ្លះសមត្ថកិច្ចចាប់ជាប់យកមកអប់រំ ពេលខ្លះក្មេងទំនើងទាំងនោះក៏ជិះម៉ូតូរត់គេចខ្លួនបាត់ ប៉ុន្តែសកម្មភាពលើកនេះ ក្មេងស្ទាវ២នាក់ធ្វើសកម្មភាពគប់កញ្ចក់ឡាន ក៏ត្រូវសមត្ថកិច្ចក្របួចជាប់ និងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។
ហេតុការណ៍នេះ បានកើតឡើងនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ចំណុចលើផ្លូវលំភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។
ជនសង្ស័យចំនួន ២នាក់ មានឈ្មោះ ផុន ភុំ អាយុ២០ឆ្នាំ នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ និងឈ្មោះ ឈឿន ហាង អាយុ១៩ឆ្នាំ នៅភូមិដូនតុំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។ ប្រភពព័ត៌មានបានបញ្ជាក់ថា ក្មេងទំនើងទាំង២ មូលហេតុស្រវឹងស្រា និងប្រើប្រាស់គ្រឿងញៀន។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ ម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1X-5709។ ចំណែករថយន្តដែលរងការខូចខាតនោះមានចំនួន១គ្រឿង ម៉ាកហ៊ីយ៉ុនដាយពាក់ផ្លាកលេខ ភ្នំពេញ 3E-9512 ដែលជារថយន្តដឹកគ្រឿងចក្រ ដែលរងការខូចខាតឆ្កូតកញ្ចក់ខាងមុខផ្នែកខាងឆ្វេង។
ក្រោយការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានបន្តចាត់ការតាមនីតិវិធីច្បាប់លើជនទំនើងទាំងពីរនាក់៕