(បាត់ដំបង)៖ បុរសម្នាក់បានវាយសម្លាប់ប្រពន្ធខ្លួនឯង រួចរត់ទៅចង-ក ជាប់ទៅនឹងធ្នឹមផ្ទះ ប៉ុន្តែមិនស្លាប់នោះទេ ដោយសារគេជួយអន្តរាគមន៍ទាន់ពេលវេលា ស្ថិតនៅចំណុចក្រុមទី០៩ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ហើយជនដៃដល់ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ សៅ ឡឹម អាយុ៣១ឆ្នាំ បានសម្លាប់ប្រពន្ធខ្លួនឯងឈ្មោះ ហាវ ឡា អាយុ៣២ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើជាមួយគ្នានាយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ បន្ទាប់ពីកើតហេតុ អ្នករស់នៅជិតខាងក្នុងភូមិ បានប្តឹងសមត្ថកិច្ចឲ្យចុះមកពិនិត្យកន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនដៃដល់នាំយកមកអធិការស្រុកដើម្បីសួរនាំ។ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធខ្លួនឯងពិតប្រាកដមែន ដោយសារតែខ្លួនប្រចណ្ឌប្រពន្ធ ហើយខឹងប្រពន្ធ និយាយទូរស័ព្ទ ជាមួយអ្នកផ្សេងរាល់ថ្ងៃ មិនគិតគូដល់កូនៗ និងប្តីទេ សង្ស័យមានប្រុសថ្មីរហូតវាយសម្លាប់ចោលតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកសំឡូត កសាងសំណុំរឿង បញ្ជូនទៅស្នងការនគបាលដ្ឋាន ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះដើម្បីចាត់ការបន្តតាមច្បាប់៕