(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ជាប្រធានក្រុមការងារចុះជួយស្រុកបា ណន់ បានបញ្ជាក្រុមការងាររបស់លោកចុះទៅសួរនាំ និងផ្គត់ផ្គង់ដល់កុមារី ហួច ឡៃហៀក ដែលមានចិត្តចង់រៀន តែខ្វះលទ្ធភាពនៅឃុំភ្នំសំពៅ ស្រុកបាណន់ បានរៀនសូត្ររហូតដល់ចប់ចុងចប់ដើមថែមទៀតផង។
ឧត្តមសេនីយ៍ត្រី សាន ហាក់ ស្នងការរងនគរបាលខេត្តបាត់ដំបងអនុប្រធានថ្នាក់ជាតិចុះជួយស្រុកបាណន់ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ បានដឹកនាំក្រុមការងារចុះពិនិត្យមើលដល់មូលដ្ឋាន នៅសាលារៀនជួបជាមួយក្មេងស្រី និង អ្នកគ្រូ លោកគ្រូ ក្នុងសាលា ព្រមទាំងចុះដល់ផ្ទះស្នាក់នៅរបស់ក្មេងស្រីផ្ទាល់ ទាំងជីតាខាងឪពុកនិងខាងម្តាយ ដើម្បីឲ្យអស់លោកសមាជិកក្រុមប្រឹក្សាស្រុក ឃុំ លោកមេភូមិ ពិសេសលោកមេប៉ុស្តិ៍រដ្ឋបាលឃុំភ្នំសំពៅ ចាត់ចែងឯកសារ មានដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ។
លោកឧត្តមសេនីយ៍ត្រី សាន ហាក់ បានចុះទៅជួបជីតាខាងឪពុក និងបានជម្រាបថា ឲ្យក្មេងស្រីម្នាក់នេះ ក្នុងចំណោមបងប្អូន៣នាក់មកស្នាក់នៅជុំគ្នាជាមួយជីតាខាងឪពុកវិញ ហើយបានសម្រួលឲ្យបានរៀនសូត្រដូចគេឯងតាមបំណងប្រាថ្នារបស់នាងផង។
លោកឧត្តមសេនីយ៍ត្រី សាន ហាក់ ក៏បានថ្លែងអំណរគុណលោគ្រូ អ្នកគ្រូបានយកចិត្តទុកដាក់ដល់ក្មេង និង ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ នៅក្នុងសាលាបឋមសិក្សាកំប៉ូវទាំងអស់ ឲ្យជួយមើលការខុសត្រូវបន្តទៀតផង។
ឧត្តមសេនីយ៍ត្រី សាន ហាក់ បានបញ្ជាក់ថា ដំណើរចុះសួរសុខទុក្ខនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីសិក្សា ក្នុងគោលបំណងស្រាវជ្រាវឯកសារពាក់ព័ន្ធ និងពិនិត្យស្ថានភាព ជីវភាពរស់នៅគ្រួសាររបស់ក្មេងជាក់ស្តែង ដើម្បីងាយស្រួលដល់ក្រុមការងារតាមជួយឧត្ថមផ្គត់ផ្គង់ទាំងជីវភាព និងការរៀនសូត្រ ឲ្យក្មេងបានរៀនសូត្រមានចំណេះដឹងបានយូរអង្វែងរហូតដល់ទីបញ្ចប់ផងដែរ។
សូមបញ្ជាក់ថា កុមារី ហួច ឡៃហៀក ហៅ ហួច ស្រីវិ រស់នៅក្នុងភូមិកំប៉ូវត្បូង ឃុំភ្នំសំពៅ ខេត្តបាត់ដំបង។ នាងមានបងប្អូនចំនួន ៣នាក់ ដែលរាល់ថ្ងៃមិនទទួលបានភាពកក់ក្តៅ ឬការមើលថែទាំពីឪពុក-ម្តាយនោះឡើយ ដោយសារតែជីវភាពបានធ្វើឲ្យឪពុក-ម្តាយរបស់នាង ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃទាំងពីរនាក់។ កុមារី ហួច លៃហៀក និង ប្អូនៗពីរនាក់ទៀតត្រូវរស់ជាមួយជីតា វ័យចំណាស់ក្នុងស្ថានភាពជីវភាពលំបាករកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
ព្រោះតែស្ថានភាពគ្រួសារនេះ បានធ្វើឲ្យកុមារី ហួច ឡៃហៀក និង ប្អូនៗ របស់នាង មានឱកាសទៅទទួលការអប់រំដូចក្មេងដទៃ នោះឡើយ។ តែអំណោយផលពីធម្មជាតិផ្នែកបញ្ញាស្មារតី បានជំរុញឲ្យកុមារីរូបនេះ ចង់រៀនចង់ទទួលបានចំណេះដឹង នឹងតែង ដើរលើចម្ងាយផ្លូវប្រមាណ ១គីឡូម៉ែត្រ ទៅលួចគេរៀនជារៀងរាល់ថ្ងៃ៕