(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំស្តីពីបញ្ហាទីតាំង អាជីវកម្មកុងស៊ីបញ្ចាំក្នុងមូលដ្ឋាន តាមរយៈការអញ្ជើញម្ចាស់ទីតាំងកុងស៊ីបញ្ចាំ ដើម្បីមកអប់រំណែនាំដល់ម្ចាស់ឲ្យ អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ និងចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់អំពើចោរកម្ម និងការទទួលផលចោរកម្មដែលអាចកើតមានឡើង។
នៅក្នុងកិច្ចប្រជុំជាមួយម្ចាស់ទីតាំងកុងស៊ី បញ្ចាំខាងលើនេះ បានធ្វើឡើងក៏មានការចូលរួមពីលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក នង ពិសិដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រង អាជីវកម្មអចលនវត្ថុបញ្ចាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក លោកស្រីចៅសង្កាត់ទាំង១១ នគរបាលប៉ុស្តិ៍សង្កាត់ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ការិយាល័យជំនាញពាក់ព័ន្ធ និងម្ចាស់អាជីវកម្មកុងស៊ី សរុបប្រមាណជាង៧០នាក់។
លោក គួច ចំរើន បានប្រាប់ទៅក្រុមអាជីវករទាំងអស់ថា នៅពេលឃើញជនសង្ស័យ ឬមុខសញ្ញាទាំងឡាយណា ដែលយកទៅបញ្ចាំនោះ ត្រូវជួយតាមដាន ហើយរាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យដឹងស្រាវជ្រាវ ពីព្រោះជនដែល យកទ្រព្យទៅបញ្ចាំភាគច្រើនជាក្រុមមនុស្សដាច់លុយ ដែលការដាច់លុយនោះ បណ្តាលមកពីកត្តាផ្សេងៗដូច្នេះត្រូវ រួមសហការគ្នាយ៉ាងបានម៉ឺងម៉ាត់បំផុតសម្រាប់បញ្ហាសន្តិសុខតាមមូលដ្ឋាន៕