(មណ្ឌលគិរី)៖ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅរយៈពេល៥ថ្ងៃ នៃថ្ងៃឈប់សម្រាក ភ្ញៀវទេសចរមកទស្សនាកម្សាន្ត នៅខេត្តមណ្ឌលគិរី មានចំនួន ៤៣៥១០នាក់ ក្នុងនោះទេសចរបរទេស ចំនួន២០៤នាក់ បើធៀបទៅនឹងឆ្នាំ២០១៩ មានការកើនឡើង៦៨.៨៥%។

កត្តាដែលធ្វើឲ្យអ្នកទេសចរបង្វែរទិស មកលេងយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ គឺ ដោយសារនៅក្នុងខេត្តមណ្ឌលគិរី សំបូរទៅដោយសក្តានុពល ទៅលើផ្នែកវិស័យទេសចរសម្បូរបែប ដូចជាតំបន់រមណីយដ្ឋានទេសចរធម្មជាតិជាច្រើនកន្លែង និងមានទេសភាពយ៉ាងប្រណិត គូបផ្សំទៅនឹងអាកាសធាតុត្រជាក់ និងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្អាតល្អ។

នៅថ្ងៃឈប់សម្រាក អាជ្ញាធរខេត្តបានដាក់បទបញ្ជា ឲ្យនគរបាល និងកងរាជអាវុធហត្ថ ការពារនូវសន្តិសុខ សុវត្ថិភាព និងការសម្រួលចរាចរណ៍ដល់ភ្ញៀវទេសចរណ៍ នៅតាមគោលដៅរមណីយដ្ឋាននានា ជាពិសេសមន្ទីរសុខាភិបាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចែកម៉ាស បាញ់អាល់កុល ព្រមទាំងចែកប័ណ្ណប្រកាស ស្ដីអំពីការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរ ដែលមកកំសាន្តនៅក្នុងខេត្តមណ្ឌលគិរី។

រីឯនៅតាមផ្ទះសំណាក់ សណ្ឋាគារ រីសត មានច្រើនក៏ពិតមែន តែមិនគ្រប់គ្រាន់តាមតម្រូវការរបស់ភ្ញៀវទេសចរនោះទេ ដែលធ្វើឱ្យភ្ញៀវមួយចំនួនតូច ទៅស្នាក់អាស្រ័យនៅតាមផ្ទះ មិត្តភក្តិ និងបងប្អូន ចំណែកមួយចំនួនទៀត ត្រូវបង្ខំចាកចេញពីខេត្តមណ្ឌលគិរី ទៅរកកន្លែងស្នាក់នៅក្នុងខេត្តផ្សេង៕