(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ បានចុះសួរសុខទុក្ខ និងនាំយកថវិកាទៅឧបត្ថម្ភជូនគ្រួសារ មន្រ្តីនគរបាលក្រុងកំពតម្នាក់ ដែលប្រពន្ធរបស់ខ្លួនកំពុងមានជំងឺរ៉ាំរ៉ៃ និងកំពុងសម្រាកព្យាបាលនៅក្នុងផ្ទះ។
លោកឧត្តមសេនីយ៍ស្នងការ បានជំរុញនិងណែនាំដល់នគរបាលរបស់ខ្លួនដែលជាប្តី ត្រូវមើលថែប្រពន្ធឲ្យបានល្អ ហើយបើទោះបីថវិកាទាំងនេះតិចតួចមែន ប៉ុន្តែវាអាចជួយកាត់បន្ថយការលំបាកមួយកំរិតថែមទៀត ហើយលោកនឹងគិតគូរបន្តទៀត។
ជាការកត់សម្គាល់ ក្រៅពីការមមាញឹកលើការពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាននោះ លោកឧត្តមសេនីយ៍ស្នងការ តែងតែបានចុះសួរសុខទុក្ខ និងជួយការឧបត្ថម្ក ដល់កងកម្លាំងរបស់ខ្លួននៅពេលដែលជួបគ្រោះអាសន្នផ្សេងៗ៕