(ភ្នំពេញ)៖ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ អគ្គិភ័យកើតឡើងចំនួន៥លើក នៅទូទាំងប្រទេសបណ្ដាលឲ្យមនុស្ស៨នាក់រងរបួស។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ កើតឡើងនៅខេត្តស្ទឹងត្រែង, កែប, សៀមរាប, ព្រះសីហនុ និងខេត្តកណ្ដាល។ ខណៈមូលហេតុ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី និងផ្ទុះកំប៉ុងហ្គាស។

ក្នុងហេតុការណ៍គ្រោះថ្នាក់សង្គមនេះ បានបំផ្លាញផ្ទះចំនួន៣ខ្នង, រោងសិប្បកម្ម១ខ្នង និងកញ្ចុះមួយ ព្រមទាំងបណ្ដាលឲ្យមនុស្សរងរបួសស្រាល ចំនួន៨នាក់៕