(សៀមរាប)៖ ស្រ្តីមេម៉ាយរស់នៅទីក្រុងទេសចរណ៍ ខេត្តសៀមរាប អ្នកស្រី យស់ លក្ខ័ណា ដែលធ្លាប់ទទួលរងការគំរាមសម្លាប់ពីអតីតប្តី ឈ្មោះ ថោង សុខៃនោះ បានសុំទទូច ដល់តុលាការខេត្តសៀមរាប ពន្លឿនការបើកសវនាការជំនុំជម្រះរឿងក្តីរបស់ខ្លួនពាក់ព័ន្ធ ការប្រើអំពើហិង្សាពីសំណាក់អតីតប្តី និងសុំឲ្យលោកចៅក្រមប្រកាសសាលក្រម រឿងក្តីមួយទៀតគឺការលែងលះ ក្រោយពីបញ្ចប់សវនាការជាង១ខែមកហើយ។
តាមរយៈអង្គភាព Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ អ្នកស្រី យស់ លក្ខ័ណា បាននិយាយថា «រឿងលែងលះសវនាការជាង១ខែហើយ ហេតុអ្វីលោកចៅក្រម មិនទាន់ប្រកាសទៀតតើមូលហេតុអ្វី?»។ ដោយឡែករឿងអំពើហិង្សាវិញ ព្រះរាជអាជ្ញារង សំរិទ្ធ សុខុន ដែលបានចោទពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងបទគំរាមកំហែងថា នឹងសម្លាប់ រហូលដល់ពេលនេះ មិនទាន់ចេញហៅទៅជំរុំជម្រះនៅឡើយទេ»។ អ្នកស្រីថា លោកចៅក្រមស៊ើបសួរថា បញ្ជូនទៅជំនុំជម្រះហើយ តែមកដល់ពេលនេះស្ងាត់មិនឃើញហៅទាល់តែសោះ ចំណែកជនល្មើសវិញរត់គេចដោយសុវត្ថិភាពព្រងើយ និងគ្មានការចាប់ខ្លូននោះឡើយ។ ជាមួយគ្នានេះអ្នកស្រីក៏ បានបញ្ជាក់ថា «ការប្រើអំពើហិង្សារបស់អតីតប្តី បានប្រព្រឹត្តដោយសហព័ន្ធ និងពីបទគំរាមកំហែងថា នឹងសម្លាប់នេះមានសាក្សី៥នាក់ នៅពេលដែលនគរបាលចូលមកដល់ផ្ទះលោក ថោង សុខៃ គំរាមកំហែងមុខនគរបាល ទៀតផងតាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៥»។ ដោយសារតែមិនទាន់ទទួលបានដំណោះស្រាយ តាមប្រព័ន្ធតុលាកា នៃរឿងរ៉ាវរបស់ខ្លួនជាមួយអតីតប្តីនោះ ស្រ្តីមេម៉ាយ យស់ លក្ខ័ណា បានបន្តអំពាវនាវសុំពន្លឺយុត្តិធម៌ជាថ្មីម្ដងទៀត ពីថ្នាក់ដឹកនាំជាពិសេស ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ស្រ្តីមេម៉ាយរស់នៅក្រុងទេសចរណ៍ សៀមរាបរូបនេះ បានអំពាវនាវសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ ចំពោះសំណុំរឿងព្រហ្មទណ្ឌលេខ២៨៧ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ និងសំណុំរឿងរដ្ឋប្បវេណី (រឿងលែងលះ) លេខ៦៥ ចុះថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៥ ។ មន្រ្តីតុលាការបានបញ្ជាក់ថា «ចំពោះអំពើហិង្សាប្រព្រឹត្ដដោយសហព័ន្ធ និងបទគំរាមកំហែងថា នឹងសម្លាប់ តាមមាត្រានៃច្បាប់ គឺជាអំពើហង្សាប្រព្រឹត្តដោយសហព័ន្ធ ក្នុងមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ គឺត្រូវផ្ដន្ទាទោសចន្លោះពី២ឆ្នាំទៅ៥ឆ្នាំ និងបទគំរាមកំហែងថា នឹងសម្លាប់ក្នុងមាត្រ២៣៣ នៃក្រមព្រហ្មទណ្ឌ គឺត្រូវផ្ដន្ទាទោសចន្លោះពី ៦ខែ ទៅ២ឆ្នាំ»។ ស្រ្តីមេម៉ាយរូបនេះ បានប្រកាសស្វែងរកអន្តរាគមន៍ពីថ្នាក់ដឹកនាំ ក្រោយពេលដែលអតីតប្តីរបស់ខ្លួន នៅតែតាមគំរាមសម្លាប់ចោល បន្ទាប់ពីពួកគេបានលែងលះគ្នារួចមក ហើយលោកប្តីនោះ បានទៅមានប្រពន្ធថ្មីម្នាក់ទៀត។
អ្នកស្រី យស់ កល្ខ័ណា រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានប្រាប់អង្គភាព Fresh News ថា អតីតប្តីរបស់ខ្លួន ឈ្មោះ ថោង សុខៃ អាយុ៥៨ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាអតីតនាយសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ក្រោយពីបានលែងលះគ្នារួចមក ជននេះបានវាយធ្វើបាប ជេរប្រមាថជាច្រើនលើក ជាច្រើនសារ ហើយពេលខ្លះ បានគំរាមសម្លាប់ទៀតផង។ ការប្រើអំពើហិង្សា នាពេលកន្លងទៅ បានធ្វើឲ្យអ្នកស្រី រងរបួសយ៉ាងធ្ងន់ធ្ងររហូតចំភ្នែកមិនចង់ឃើញទៀតផង ហើយកុំតែ ពេលខ្លះ បានកូនស្រីជួយ និងរត់ទៅរកសមត្ថកិច្ចទាន់ កុំអីអាចស្លាប់ក៏ថាបាន។
អ្នកស្រី យស់ លក្ខ័ណា បានរៀបរាប់ថា ក្រោយពីប្រើអំពើហិង្សា និងគំរាមសម្លាប់យ៉ាងដូច្នេះ ធ្វើឲ្យអ្នកស្រីមានការភ័យខ្លាចយ៉ាងខ្លាំង ទើបបានទៅដាក់ពាក្យបណ្តឹង នៅសាលាដំបូងខេត្តសៀមរាប ដើម្បីឲ្យជួយអន្តរាគមន៍ ប៉ុន្តែពន្លឺយុត្តិធម៌ មិនបានអណ្តែតឡើងនោះឡើយ ពោលជនបង្កមិនត្រូវបានព្រះរាជអាជ្ញាខេត្ត ធ្វើការចោទប្រកាន់ និងឃុំខ្លួននោះទេ ទុកឲ្យមានសេរីភាពដដែល ហើយជននេះបានបន្តសកម្មភាព គំរាមកំហែងរហូត ដោយសារតែពន្លឺយុត្តិធម៌ នៅសាលាដំបូងខេត្តសៀមរាម មិនបានលេចអណ្តែត ធ្វើឲ្យស្រ្តីមេម៉ាយរូបនេះ ខិតខំបន្តស្វែងរកអន្តរាគមន៍ មកតុលាការថ្នាក់ទី២ គឺសាលាឧទ្ធរណ៌។ ក្រោយក្តាប់សេចក្តី នៃដំណើររឿងរួចហើយ អគ្គព្រះរាជអាជ្ញា គឺលោក អ៊ុក សាវុធ បានធ្វើពាក្យបណ្តឹងជំទាស់ ការសម្រេចរបស់សាលាដំបូងខេត្ត។ ក្រោយពីមានការជួយអន្តរាគមន៍ របស់លោក អ៊ុក សាវុធរួចមក ទើបនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រធានក្រុមប្រឹក្សាជំនុំជំរះ លោក ឃុន លាងម៉េង បានចេញដីកា បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ថោង សុខៃ ក្រោមបទចោទប្រកាន់ «ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងបទគំរាមកំហែង ថានឹងសម្លាប់» ។
ស្រ្តីមេម៉ាយរូបនេះ ដែលបច្ចុប្បន្ន កំពុងរស់នៅជាមួយកូនស្រី ដោយមានការ ភ័យខ្លាចនោះ សូមអំពាវនាវ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាលោកទាំងទ្វេរ ជួយអន្តរាគមន៍រឿងនេះផង ដើម្បីឲ្យប្រជាលរដ្ឋ រងគ្រោះពិតប្រាកដ មានពន្លឺយុត្តិធម៌។ សម្រាប់ការវាយធ្វើបាបពីអតីតប្តីរបស់ខ្លួននោះ អ្នកស្រីបានថ្លែងពីបញ្ហាសុខភាពភ្នែករបស់គាត់ ដែលពេទ្យបានប្រាប់ពីការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងមិនសូវមើលឃើញនោះឡើយ៕