(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តមួយគ្រឿង ដឹកសត្វមាន់រស់ចំនួន ៥៨៥ក្បាល ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ ខណៈការបង្ក្រាបនេះធ្វើឡើងត្រង់ចំណុចភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ការចុះបង្ក្រាបករណីខាងលើនេះ ធ្វើឡើងនាយប់ទៀបភ្លឺថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។ លុះព្រឹកឡើង សមត្ថកិច្ចក៏បានប្រគល់ការងា រជូនមន្ត្រីជំនាញដើម្បីត្រួតពិនិត្យឱ្យដឹងច្បាស់ថា សត្វមាន់ទាំងនេះមានកើតជំងឺប៉ះពាល់ដល់សុខភាពដែរឬក៏អត់ ហើយប្រសិនសិនបើការពិនិត្យនោះមានជំងឺប្រាកដមែន មន្ត្រីជំនាញនឹងស្នើសុំគោលការណ៍ពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបំផ្លាញចោល ហើយនឹងរៀបចំសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់លើឈ្មួញដែលជាអ្នកនាំចូលសត្វមាន់នោះ។
លោកវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន ៣នាក់ បានស្ទាក់ឃាត់រថយន្តម៉ាក SANG YONG ISTANA ពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-0430 នៅចំណុចភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ដែលបើកបរដោយឈ្មោះ វ៉េត វ៉ាត់ អាយុ៤៧ឆ្នាំ មុខរបររត់ឡានឈ្នួលរត់តាក់ស៊ី មានលំនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានដឹកសត្វមាន់រស់នាំចូលពីប្រទេសថៃដោយខុសច្បាប់ យកមកកាន់ស្នងការដ្ឋាន ដើម្បីសួរនាំ និងត្រួតពិនិត្យ។
ឆ្លងតាមការសាកសួរចម្លើយ ឈ្មោះ វ៉េត វ៉ាត់ ជាអ្នកបើកបររថយន្តបាននិយាយថាគាត់គ្រាន់តែស៊ីឈ្នួលដឹកសត្វមាន់រស់ឲ្យឈ្មោះ នី អាយុ២៧ឆ្នាំ នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយផ្ទេរចេញពីរថយន្តថៃ ត្រង់ចំណុចច្រករបៀងសេះងាប់ ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយក្នុង ១ជើង បានតម្លៃ ៤០ម៉ឺនរៀល ដឹកដល់ខេត្តសៀមរាប។
បើតាមចម្លើយរបស់ឈ្មោះ ផល ម៉ាស់ អាយុ២៤ឆ្នាំ រស់នៅភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ បានឲ្យដឹងថា ខ្លួនគ្រាន់តែជាមេការមើលការខុសត្រូវឲ្យឈ្មោះ នី ជាម្ចាស់មាន់តែប៉ុណ្ណោះ ដោយក្នុង១ជើង ម្ចាស់មាន់គាត់ឲ្យតម្លៃ ៥ម៉ឺនរៀល ធ្វើជាមេការនេះ ២០ជើង រាល់ការដឹកពុំមានលិខិតស្នាមអ្វីទេ។
លោកវរសេនីយ៍ទោ យឹម នី បានបញ្ជាក់បន្តថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រគល់សត្វមាន់ទាំងអស់នេះទៅមន្ត្រីជំនាញពេទ្យសត្វខេត្ត។
បើតាមការឲ្យដឹងពីមន្ត្រីពេទ្យសត្វខេត្តបានបញ្ជាក់ប្រាប់ថា សត្វមាន់រស់ទាំងអស់នេះ គឺជំនាញពេទ្យយកទៅធ្វើការពិនិត្យរកជំងឺ ដោយយកសំណាកសត្វមាន់ទាំងអស់ផ្ញើទៅនាយកដ្ឋាន ដើម្បីស្រាវជ្រាវរកជំងឺ បើសិនជាលទ្ធផលនៃការពិនិត្យនោះ អវិជ្ជមានសមត្ថកិច្ចជំនាញធ្វើការផាកពិន័យតាមច្បាប់ តែបើសិនជាការពិនិត្យនោះលទ្ធផលវិជ្ជមាន មន្ត្រីជំនាញនឹងស្នើសុំគោលការណ៍ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបំផ្លាញចោល ឯម្ចាស់មាន់មន្ត្រីជំនាញរៀបចំសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕