(ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ចំពោះការរឹតបន្តឹងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ បានផលិតវីដេអូខ្លីមួយទៀត ដើម្បី ក្រើនរំឮកអំពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសណ្ឋាគារ ឬអ្នកគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា វិធានសុវត្ថិភាពទាំងនោះ មានដូចជា៖ ការលាងសម្អាតដៃជាមួួអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់១.៥០ម៉ែត្រ, ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស ត្រូវសម្អាតបរិវេណអាជីវកម្មឱ្យបានជាប់ជាប្រចាំ និងឱ្យបានត្រឹមត្រូវ (ជាពិសេសនៅក្នុងបន្ទប់ស្នាក់នៅ) និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារក្រមប្រតិបត្តិ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មស្នាក់នៅទេសចរណ៍។

បន្ថែមពីនេះ ក្រសួងទេសចរណ៍ ក៏បានក្រើនរំឮកដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ឬអ្នកគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ត្រូវផ្សព្វផ្សាយនូវចំណេះដឹង និងការណែនាំផ្សេងៗដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ-១៩ ទៅកាន់ភ្ញៀវទេសចរនៅគ្រប់មធ្យោបាយ និងគ្រប់រូបភាព៕

សូមទស្សនាវីដេអូដូចខាងក្រោម៖