(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ ចេញលិខិតព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដោយពុំធានានូវរាល់ការខាតបាត់បង់ទ្រព្យសម្បត្តិឡើយ បើសិនជាលោក ស៊ូ តារា ម្ចាស់អាជីវកម្ម KTV Diamond Sound ដែលមានទីតាំងស្ថិតនៅដីឡូត៌លេខ៦៩៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅតែបន្តបើកអាជីវកម្ម KTV ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។
នេះបើយោងតាមសេចក្ដីជូនដំណឹងផ្លូវការមួយ ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបានពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ។
ក្នុងសេចក្ដីជូនដំណឹងរបស់លោក ជា ពិសី បានធ្វើឡើងមានចែងក្នុងកម្មវត្ថុ គឺហាមបើកធ្វើអាជីវកម្ម KTV Diamond Sound របស់លោក ស៊ូ តារា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយយោងលិខិតលេខ ១២៩ សជណ.អរហ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ ស្ដីពីការបិទ KTV ក្លឹបកំសាន្ដ រង្គសាល ឌីស្កូតែក ក្រោយពីលោកដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងរកឃើញលួចបើកខារ៉ាអូខេ KTV ស្ងាត់ៗ ផ្ទុយនឹងសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។
លើសពីនេះទៀត នៅក្នុងសេចក្ដីជូនដំណឹងដដែលរបស់លោក ជា ពិសី បានជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ធ្វើការផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នជំងឺឆ្លងកូវីត១៩ និងចាត់វិធានសុវត្ថិភាពទេសចរណ៍ ជាបន្តបន្ទាប់រហូតមក។
សូមជម្រាបថា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានសម្រេចប្រកាសបិទជាស្ថាពរ ចំពោះទីតាំងភោជនីយដ្ឋាន Diamond Sound នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យជាក់ស្ដែងរកឃើញលួចបើកខារ៉ាអូខេ KTV ស្ងាត់ៗ ផ្ទុយនឹងសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។
ការសម្រេចប្រកាសរបស់ លោក ជា ពិសី ក្នុងការបិទជាស្ថាពរ ចំពោះទីតាំងភោជនីយដ្ឋាន Diamond Sound ដែលលួចបើកខារ៉ាអូខេ KTV ស្ងាត់ៗ ផ្ទុយនឹងសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នេះ បានអនុវត្តឡើង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ម៉ោងជាង៨យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។
លោក ជា ពិសី បានគូសបញ្ជាក់ថា ក្រៅពីប្រកាសបិទជាស្ថាពរ ចំពោះទីតាំងភោជនីយដ្ឋាន Diamond Sound ដែលលួចបើកខារ៉ាអូខេ KTV ស្ងាត់ៗមួយកន្លែងនេះហើយ, ក្រុមការងាររដ្ឋបាលខណ្ឌ ក៏បានណែនាំបន្ថែមទៀតដល់ម្ចាស់ទីតាំងអាជីវកម្មខារ៉ាអូខេ (KTV) ដែលត្រូវប្រែក្លាយទៅជាភោជនីយដ្ឋានកំពុងបើកដំណើរការទាំងឡាយ ឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ ការបង្ការ និងការការពារ នៃការរីករាលដាលជម្ងឺកូវដ១៩។
សូមជម្រាបថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យប្រែក្លាយខារ៉ាអូខេ (KTV) ទៅជាភោជនីយដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ជំងឺ COVID-19, រដ្ឋបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ជា ពិសី បានបន្តចុះត្រួតពិនិត្យ ជាក់ស្ដែងនិងជាបន្តបន្ទាប់ លើទីតាំងខារ៉ាអូខេ (KTV) ដែលកំពុងបើកដំណើរការជាធម្មតា គឺជាលទ្ធផលតែងតែរកឃើញថា មានលក្ខណៈជាភោជនីយដ្ឋាន ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕