(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើស សេដ្ផកិច្ចក្រសួងមហាផ្ទៃ និងមន្រ្តីនាយកដ្ឋានកម្មកុងត្រូល ដឹកនាំដោយព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ បានឆ្មក់ចូលត្រួតពិនិត្យទីតាំងសិប្បកម្មផលិតស្ករត្នោតពីស្ករសមួយស្ថិតនៅដីឡូត៍លេខ៨ ផ្លូវ៦៦៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយរកឃើញរាប់សិបតោន។
ការត្រួតពិនិត្យនេះក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កម្លាំងនគរបាលបានរឹបអូសស្ករត្នោត ដែលផលិតរួចរាប់សិបតោន ដែលម្ចាស់សិប្បកម្មបំរុងនាំចេញមកលក់ក្នុងទីផ្សារ រួមទាំងស្ករអំពៅលេខ៤ នាំចូលមកពីប្រទទេសវៀតណាមផងដែរ។ អ្វីដែលសមត្ថកិច្ចនឹកស្មានមិនដល់នោះ គឺនៅក្នុងការផលិតស្ករត្នោតចេញពីស្ករសនេះ គឺមានសារធាតុគីមីឈ្មោះ sodium hydrocilfeet ជាច្រើនដែលយកមកប្រើក្នុងការបំលែងផលិតផលស្ករត្នោតពីស្ករសនេះ។ ដូច្នេះសមត្ថកិច្ចបានសំរេចឃាត់ខ្លួនម្ចាស់សិប្បកម្មផលិតស្ករត្នោតនេះសិនដើម្បីសាកសួរ។ តាមការចង្អុលបង្ហាញពីម្ចាស់សិប្បកម្មផលិតស្ករត្នោតពីស្ករសនេះ សមត្ថកិច្ចបានបន្តឆែកឆេរឃ្លាំងស្តុកសារធាតុគីមីមួយកន្លែងទៀត ស្ថិតនៅផ្លូវលេខ២៥៥ សង្កាត់បឹងសាឡាង ដដែល ដោយនៅទីនោះសមត្ថកិច្ចបានរកឃើញមានសារធាតុគីមីច្រើនប្រភេទដែលគេលួចនាំចូលមកស្តុកទុកលក់ ។
ឥឡូវនេះសមត្ថកិច្ចចំរុះកំពុងត្រួតពិនិត្យ និងមានវិធានការដើម្បីកុំឲ្យសារធាតុគីមីទាំងនេះត្រូវគេយកទៅប្រើប្រាស់ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ផ ។ ពាក់ព័ន្ធនិងករណីរឹបអូសស្ករត្នោតផលិតពីស្ករសនេះ លោកឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ស្ករត្នោតដែលផលិតពីស្ករសដោយលាយសារធាតុគីមី សូឌីដ្យូមអ៊ីដ្រុកស៊ីលហ្វីតនេះមានគ្រោះថ្នាក់បំផុតចំពោះសុខភាព ដែលចាំបាច់ត្រូវហាមឃាត់មិនអនុញាតឲ្យលក់លើទីផ្សារបានឡើយ៕