(ស្វាយរៀង)៖ រយៈពេល៥ថ្ងៃនៃថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំ ពោលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរបានទៅលេងនៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តស្វាយរៀង សរុបចំនួន៦,១៩៤នាក់។
បើតាមលោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានដឹងថា ភ្ញៀវទេសចរដើរលេងកម្សាន្តក្នុងនោះរមណីយដ្ឋានប្រាសាទបាសាក់ចំនួន ២,០៥៦នាក់ (បរទេស០៤នាក់ ជាជនជាតិចិន) រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ ចំនួន៤០២នាក់ ស្ពានត្នោតចំនួន១,៥១៣នាក់ រមណីយដ្ឋានទឹកវិលចំនួន ៥៧នាក់។
លោកបានបញ្ជាក់ថា ដោយឡែកភ្ញៀវទេសចរ ដែលចូលកម្សាន្តនៅតាមអាហារដ្ឋាន និងអាងហែលទឹកក្នុងខេត្តស្វាយរៀងរយៈពេល៥ថ្ងៃ សរុបចំនួន ២,១៦៦នាក់រួមមានដូចជា៖ អាហារដ្ឋាន និងអាងហែលទឹក គុជស្វាយព្រៃចំនួន១,០៦២នាក់ អាហារដ្ឋាន និងអាងហែលទឹកឌឺវ៉យ សរុបចំនួន៤៦៥នាក់ អាងហែលទឹករមណីយដ្ឋានធម្មជាតិ សរុបចំនួន ៦៣៩នាក់។ សរុបរួម៖ ចំនួនភ្ញៀវមកកម្សាន្តក្នុងខេត្តស្វាយរៀង មានចំនួនសរុប ៦,១៩៤នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ០៤នាក់។
លោកបានបន្ថែមថា មន្ទីរពេទ្យខេត្តស្វាយរៀង បានសហការជាមួយអាជ្ញាធរដែនដីចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រតិបត្តិករ អាជីវករ នៅតាមរមណីយដ្ឋានក្នុងខេត្ត ស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃ និងបានចុះធ្វើការណែនាំបន្ថែម ដល់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន សេវាស្នាក់នៅ និងអាងហែលទឹក ពីវិធានសុវត្ថិភាពទេសចរណ៍ បានចំនួនសរុប ២៦កន្លែង ហើយការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕