(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ០៤នាក់ និងមិនមានករណីវិជ្ជមានវីរុសកវីដ-១៩ថ្មីនោះទេ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច បានបញ្ជាក់ថា ករណីជាសះស្បើយចំនួន ០៤នាក់នោះរួមមាន៖
* ស្ត្រីជនជាតិខ្មែរអាយុ ៥១ឆ្នាំ មានអាសយដ្ឋាននៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
* បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃចង្ហាកើត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
* បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
* បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមក ពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និង ត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៣នាក់ (ស្រី ៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន១០នាក់៕