(ព្រះសីហនុ)៖ ប្រជាពលរដ្ឋពីរនាក់ប្ដីប្រពន្ធត្រូវបានមន្ត្រីជំនាញនៃមន្ទ្រីបរិស្ថានខេត្តព្រះសីហនុ សម្រេចដោះលែងឱ្យត្រលប់ទៅលំនៅឋានវិញហើយ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនរយៈពេលជាងមួយថ្ងៃ ដោយសារពួកគាត់ចូលកាប់ទន្ទ្រានព្រៃឈើក្នុងឧទ្យានជាតិព្រះមុនីវង្ស បូកគោ ត្រង់ភូមិសាស្ត្រស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ប្តីប្រពន្ធកម្សត់កម្រទាំងពីរនាក់នេះ ប្តីមានឈ្មោះ តៃ គក អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ សុខ អិត អាយុ៥១ឆ្នាំ ដែលអ្នកទាំងពីរមានទីលំនៅភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ មុនពេលសមត្ថកិច្ចឃាត់ខ្លួន ពួកគាត់បានមកស៉ីឈ្នួលកាប់ព្រៃឱ្យគេនៅក្នុងភូមិសាស្ត្រឧទ្យានជាតិខាងលើនេះ។
ប្រភពពីមន្ទីរបរិស្ថានខេត្តព្រះសីហនុបានឱ្យដឹងថា ការសម្រេចដោះលែងនេះ ក៏ដោយសារពួកគាត់ទាំងពីរនាក់ព្រមទទួលកំហុសទាំងអម្បាលម៉ានដែលពួកគាត់បានប្រព្រឹត្ត ហើយពួកគាត់ក៏ទទួលយកការអប់រំពីមន្ត្រីសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន ពិសេសក៏មានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។
ប្រភពបានបន្តថា ប្តីប្រពន្ធវ័យចំណាស់ខាងលើត្រូវបានសមត្ថកិច្ច និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុចុះឃាត់ខ្លួន នាថ្ងៃទី២០ ខែសីហា ម្សិលមិញនេះ ខណៈកំពុងធ្វើសកម្មភាពកាប់ទន្ទ្រានព្រៃឈើក្នុងតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ ត្រង់ភូមិសាស្ត្រស្រុកកំពង់សិលា។
ប៉ុន្តែដោយមានការយោគយល់ចំពោះជីវភាពរស់នៅរបស់ពួកគាត់ផង ដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋានផង ពិសេសដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា សៀង សុខ ផងនោះ ទើបមន្ត្រីសមត្ថកិច្ច និងមន្ទីរបរិស្ថានខេត្តឯកភាពគ្នាដោះលែង ព្រមទាំងបានជូនដំណើរពួកគាត់ទៅដល់លំនៅឋាននៅឯខេត្តកំពង់ស្ពឺផ្ទាល់តែម្ដង។
មន្ទីរបរិស្ថានខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ ជីវចម្រុះ សត្វព្រៃ និងព្រៃឈើឱ្យបានគង់វង្ស ដើម្បីការរស់នៅប្រកបដោយចីរភាព៕