(បាត់ដំបង)៖ យុវជនម្នាក់បានជិះម៉ូតូឆ្លងផ្លូវ មិនបានប្រយ័ត្នត្រូវបានរថយន្តមួយគ្រឿង ម៉ាកកាម៉ារីពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2A-8277 បុកចំពេញទំហឹងខ្ទាត ទៅចូលក្រោមរថយន្តដឹកខ្សាច់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ រសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចក្រុមទី៨ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូជនរងគ្រោះម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1N-7875 បើកបរដោយឈ្មោះ វែង សុខអាន អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (បាក់ជើងសងខាងខ្ទេចស្លាប់តែម្តង)។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ក្រោយមកក៏ឃើញរថយន្តមួយគ្រឿង ម៉ាកកាម៉ារីបើកបរយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង បានបុកចំពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ខ្ទាតក្រោយមករថយន្តដឹកខ្សាច់ បានកិនថែមពីលើបណ្តាល ឲ្យបាក់ជើងទាំងសងខាងស្លាប់នៅនិងកន្លែងតែម្តងចំណែករថយន្តបង្កទាំងពីរគ្រឿង បានបើកគេចខ្លួន ដោយសុវត្ថិភាព។ ក្រោយពេលកើតហេតុសមត្ថកិច្ច នគរបាលចរាចរណ៍ស្រុកសង្កែ បានចុះទៅដល់ធ្វើការវាស់វែងរួចប្រគល់ម៉ូតូ និងសពជនរងគ្រោះឲ្យ ទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕