(បន្ទាយមានជ័យ)៖ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការស្ថាប័នពាក់ព័ន្ធ និងមន្ត្រីអភិវឌ្ឍជនបទខេត្តបន្ទាយមានជ័យ ព្រមទាំងលោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួន ដើម្បីស្ថាបនាអភិវឌ្ឍន៍ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងពេលចុះសកម្មភាពដែលធ្វើឡើងនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ លោក គឹង វណ្ណៈ បានឱ្យដឹងថា ការអភិវឌ្ឍន៍នេះចាប់ផ្តើមអភិវឌ្ឍន៍ក្នុងសង្កាត់ផ្សេងគ្នា គឺស្ថិតនៅសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សាកណ្តាល៖
* ខ្សែទី១ ចំណុចដើមចាន់គិរីរហូតមកទល់នឹងផ្លូវរង្វង់មូលលេខ ៥៨ ជាប់ផ្លូវជាតិលេខ ៥។
* ខ្សែទី២ ចាប់ពីចំណុចផ្លូវលេខ ៥៨ រហូតជាប់ផ្លូវទំនប់រង្វង់មូល ក៥។
* ខ្សែទី៣ ចាប់ពីរង្វង់មូល ក៥ រហូតមកជាប់នឹងផ្លូវចាន់គិរីវិញ។
ផ្លូវនេះស្ថាបនាទ្បើងចាប់ផ្តើមចាក់ក្រាលថ្មមិចកិនបង្ហាប់ ដែលចំណាយថវិកាអស់ជាង ២០ម៉ឺនដុល្លារ ហើយអាជ្ញាធរនឹងរៀបចំស្ថាបនាចាក់ជាប៊ូតុងបន្ថែមទៀត តាមតម្រូវការរបស់ពលរដ្ឋផងដែរ។
ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះអាជ្ញាធរ ដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់សង្គ្រាមនេះ ឱ្យក្លាយជាតំបន់សន្តិភាពយ៉ាងពេញលេញ៕