(ព្រះសីហនុ)៖ ជនសង្ស័យមួយក្រុមមានគ្នា ៦នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុបើកការបង្ក្រាបភ្លាមៗ ខណៈដែលពួកគេកំពុងកាប់ទន្ទ្រានព្រៃឈើក្នុងឧទ្យានជាតិព្រះសីហនុរាម ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះឃាត់ខ្លួនបានម្នាក់ រីឯ៥នាក់រត់គេចខ្លួនបាត់ ដែលការបង្ក្រាបនេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។
ជនសង្ស័យខាងលើមានឈ្មោះ វ៉ាន់ សារ៉ូ អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្នត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់ ក្រោមការម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ។
ចំពោះអ្នកដែលរត់គេចខ្លួននោះ សមត្ថកិច្ចនៅតែតាមវែករកមុខយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។
បើតាមមន្ត្រីឧទ្យានុរក្សបានឱ្យដឹងបន្ថែមថា កន្លងមក សកម្មភាពបទល្មើសកាប់ឆ្ការព្រៃ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុព័ទ្ធកាន់កាប់ យកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ដែលស្ថិតក្នុងតំបន់ការពារ ត្រូវបានសមត្ថកិច្ចចុះអនុវត្តវិធានការទប់ស្កាត់បានជាបន្តបន្ទាប់។
ជុំវិញករណីនេះដែរ មន្ទីរបរិស្ថានខេត្តព្រះសីហនុបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ ជីវចម្រុះ សត្វព្រៃ និងព្រៃឈើឱ្យបានគង់វង្ស ដើម្បីការរស់នៅប្រកបដោយចីរភាព៕