(បន្ទាយមានជ័យ)៖ អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងចុះស្តារប្រព័ន្ធលូបង្ហូរទឹកត្រង់រង្វង់មូលច្រកទ្វាអន្តរជាតិប៉ោយប៉ែត ព្រមទាំងបានថ្លែងសារទទូចឱ្យប្រជាពលរដ្ឋបញ្ឈប់ការចោលសំរាមពាសវាលពាសកាល ព្រោះអាចនាំឱ្យស្ទះលូ ទឹកហូរមិនរួច លិចលង់ភូមិដ្ឋាន។
លោក គាត់ ហ៊ុល បានឱ្យដឹងថា ដោយសាររដូវនេះជារដូវវស្សា ភ្លៀងធ្លាក់ក៏ញឹកញាប់ ធ្វើឱ្យតាមតំបន់មួយចំនួនមានការលិចលង់ហេដ្ឋារចនាសម្ពន្ធ ផ្លូវលំមួយចំនួនត្រូវបានកាត់ផ្តាច់ដោយសារជំនន់ទឹកភ្លៀង ខណៈប្រព័ន្ធលូបង្ហូទឹកមួយចំនួនជួបនឹងបញ្ហាកកស្ទះ ធ្វើឲ្យទឹកមិនទាន់។
ជាមួយនឹងសកម្មភាពនេះ អាជ្ញាធរក្រុងប៉ោយប៉ែតក៏បានសំណូមពរដល់ប្រជាពលរដ្ឋមេត្តាជួយសហការជាមួយអាជ្ញាធរ ក្នុងការសម្អាតអនាម័យបរិស្ថានឲ្យបានល្អក្នុងក្រុង ជាពិសេសត្រូវវេចខ្ចប់កាកសំណល់សំរាមដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងចោលពាសវាលពាសកាលតាមប្រព័ន្ធលូបង្ហូរទឹក ធ្វើឲ្យមានកាកកស្ទះលូបង្ហូរទឹក
បើអាជ្ញាធរសម្អាតហើយ ប្រជាពលរដ្ឋមិនសហការ ក៏វាមិនស្អាតដែរ៕