(បន្ទាយមានជ័យ)៖ ស្ត្រីស្រឡាញ់ភេទដូចគ្នាម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងផ្ទះ ដោយសារតូចចិត្តនឹងស្នេហាស្រលាញ់ភេទដូចគ្នាមិនសមតាមបំណង ដោយបានបន្សល់សំបុត្រទុក ឲ្យសង្សារដែលជាភេទស្រីដូចគ្នាមួយច្បាប់។

ស្ត្រីជាមរណជន មានឈ្មោះ ភឺស ស្រីនី អាយុ២២ឆ្នាំ ខណៈហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមការអះអាងរបស់ម្តាយរបស់ស្ត្រី ដែលជាមរណជន បាននិយាយថា កូនគាត់បានស្រឡាញ់មនុស្សស្រីដូចគ្នា បំបែកយ៉ាងណាក៏មិនដាច់ឡើយ ហើយនៅពេលកើតហេតុនោះ កូនស្រីរបស់គាត់បានឡើងទៅលើផ្ទះចូលដេកដូចរាល់ដងក្នុងបន្ទប់ លុះដល់វេលាម៉ោង ៧យប់ គាត់បានហៅឲ្យកូនកាត់ក្រចកឲ្យ តែពុំឮកូនឆ្លើយតប ក៏ឡើងទៅលើផ្ទះតាមកូនដែលនៅក្នុងបន្ទប់ ព្រោះកូនដាក់បទចម្រៀងក្នុងទូរស័ព្ទឮសំឡេងខ្លាំ។

លុះពេលខ្លួនឡើងទៅដល់លើផ្ទះបើកទ្វារ ស្រាប់តែឃើញកូនរបស់ខ្លួនចងក។ ពេលនោះខ្លួនបានស្រែកហៅប្ដីរបស់គាត់ឲ្យជួយបីកូនដាក់មកលើក្ដារ ហើយជួយសង្គ្រោះដែរ តែកូនរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។

ឆ្លងតាមកំណត់ហេតុរបស់គណៈកម្មការត្រួតបានសន្និដ្ឋានថា សពនេះពិតជាចងកធ្វើអត្តឃាតមែន មិនពាក់ព័ន្ធករណីអ្វីផ្សេងទេ
ក្រោយពីធ្វើកំណត់ហេតុហើយ សមត្ថកិច្ចក៏បានប្រគល់សពជូនម្តាយឪពុក ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕