(ពោធិ៍សាត់)៖ រយៈពេល៤ថ្ងៃ នៃថ្ងៃឈប់សម្រាកសងចូលឆ្នាំ ពោលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរបានសម្រុកទៅលេងនៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តពោធិ៍សាត់ប្រមាណ ៤៥,៨៨៦នាក់។ នេះបើយោងតាមការបញ្ជាក់របស់លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ។
លោក សំ ឃីម បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ចំនួនភ្ញៀវសម្រុកទៅលេងក្នុងខេត្តសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ ធ្វើឱ្យផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនបានពេញ។
លោកបញ្ជាក់ថា រមណីយដ្ឋាននៅក្នុងខេត្តពោធិ៍សាត់ មានចំនួន ៣៤កន្លែង ក្នុងនោះមានទាំងរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានវប្បធម៌ផងដែរ។ រមណីយដ្ឋានដែលកំពុងពេញនិយម ហើយមានភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើននោះ គឺនៅស្រុកវាលវែង ត្រង់ចំណុចរមណីយដ្ឋានថ្មដាតូច ជាពិសេសនៅចំណុចភ្នំ១៥០០ ដែលត្រូវបានសម្តេចតេជោ ប្រសិទ្ធនាមថាជាផ្លូវបុប្ផាលាក់ខ្លួន។
ដោយឡែកនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តមិនក្រោមពី ១ម៉ឺននាក់នោះឡើយ នៅថ្ងៃបុណ្យទានម្តងម្កាល។
ជាមួយគ្នានោះ លោកប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានសំណូមពរដល់ប្រជាពលរដ្ឋដែលចូលលេងកម្សាន្ត នៅតាមបណ្ដារមណីយដ្ឋាននានាក្នុងខេត្តពោធិ៍សាត់ សូមចូលរួមថែរក្សាបរិស្ថានអនាម័យឱ្យបានស្អាតល្អ ចូលរួមគោរពច្បាប់ចរាចរណ៍ មានការយោគយល់គ្នាក្នុងពេលបើកបរ និងចូលរួមទប់ស្កាត់មេរោគកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។
បើតាមលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឱ្យដឹងថា កម្លាំងរបស់លោកបានដាក់នៅតាមបណ្ដាចំណុចសំខាន់ៗចំនួន៦គោលដៅ ដោយសហការជាមួយប្រជាការពារ ដើម្បីការពារសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែល ទៅលេងកម្សាន្តនៅក្នុងស្រុកវាលវែង។
ប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅភ្នំ១៥០០ និងទឹកធ្លាក់ថ្មដាតូច បានប្រាប់អ្នកយកព័ត៌មានទាំងទឹកមុខសប្បាយរីករាយថា ពួកគាត់នៅខេត្តឆ្ងាយមានខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តផ្សេងទៀត បាននាំក្រុមគ្រួសារមកលេងទីនេះ ពួកគាត់មិននឹកស្មានថាតំបន់នេះ មានការអភិវឌ្ឍបានរហ័ស មានផ្លូវធ្វើដំណើរស្រួល និងស្អាតល្អខុសប្លែកពីពេលមុន ដែលពិបាកក្នុងការធ្វើដំណើរ។
អ្នកទេសចរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន រដ្ឋបុរសស្ថាបនិកនៃសន្តិភាព ដែលបានធ្វើឱ្យតំបន់នេះ មានការអភិវឌ្ឍរីកចម្រើនយ៉ាងរហ័ស និងធ្វើឱ្យភ្ញៀវទេសចរចេញចូលមកលេងកម្សាន្តកាន់តែច្រើន។
អ្នកទេសចរ ក៏ចង់ឱ្យមានការចរចាបង្កើតច្រកអន្តរជាតិឱ្យបានឆាប់ជាមួយប្រទេសថៃ ដែលអាចនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងថែមទៀត៕