(ព្រៃវែង)៖ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ បានថ្លែងដាស់តឿនជំរុញដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវតែការពារឲ្យបានដាច់ខាតនូវសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជារួមគ្នាប្រយុទ្ធប្រឆាំងនឹងរលកទីពីរនៃជំងឺកូវីដ-១៩ ព្រោះអ្វីទាំងអស់នេះក៏ជាការអាយុជីវិតខ្លួនឯង និងអាយុជីវិតរបស់ប្រជាជាតិកម្ពុជាទាំងមូលផងដែរ។

ការថ្លែងបែបនេះរបស់លោកអភិបាលស្រុកកំចាយមារ ត្រូវបានធ្វើឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនរៀបរយយុទ្ធវិធីថ្មើរជើងបច្ចេកទេសអប់រំចិត្តសាស្រ្ត និងក្បាច់គុននៅបញ្ជាការដ្ឋានកងវរសេនាតូចលេខ២ (T6) ស្ថិតនៅក្នុងឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

លោកអភិបាលស្រុកថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់សង្គមផ្សេងៗ និងក្នុងការងារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងស្រុក និងខេត្តបានល្អប្រសើរ។

លោកបានបញ្ជាក់ថា ក្នុងនាមជាកងទ័ពចាំបាច់ណាស់ ត្រូវតែមានជំនាញច្បាស់លាស់លើគ្រប់ផ្នែក ទាំងផ្នែកយុទ្ធវិធី អប់រំចិត្តសាស្ត្រ ក្បាច់គុន របៀបប្រើប្រាស់ អាវុធទាំងធុនធ្ងន់ និងធុនស្រាល បើកបរយានយន្ត ឬគ្រឿងចក្រយោធា (រថក្រោះ ឬរថពាសដែក) និងការប្រើប្រាស់ផែនទីជាដើម ហើយចំណេះជំនាញទាំងនេះ គឺមិនមែនកើតឡើងដោយឯកឯងទេ គឺកើតចេញពីការហ្វឹកហាត់ និងរំលឹកអនុវត្តជាប្រចាំ ដូចដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកតែងតែមានប្រសាសន៍លើកឡើងជារឿយៗថា «ស៊ូបង្ហូរញើសនៅលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាម និងបាត់បង់ជីវិតនៅទីលានប្រយុទ្ធ»។

ក្រៅពីវគ្គហ្វឹកហ្វឺននេះ ពលទាហានទាំងអស់ក៏ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឲ្យបានជាប់ជាប្រចាំ ព្រមទាំងត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការគ្រប់គ្រងថែរក្សាសម្ភារបរិក្ខារសព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបានល្អ ប្រើប្រាស់ឲ្យចំទិសដៅ និងទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ។

លោកបានជំរុញដល់កងទ័ពវរសេនារក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។

លោកបន្តថា កងទ័ពត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ពឲ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្ដែងក្នុងការចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាព យោធិនឲ្យបានមាំមួន ចៀសវាងជំងឺឆ្លងផ្សេងៗ ព្រមទាំងត្រូវខិតខំកសាងជំរុំជម្រកស្នាក់នៅឲ្យបានសមរម្យ និងធានាសុវត្ថិភាពបានល្អ។

កងកម្លាំងបន្តយកចិត្តទុកដាក់ថែរក្សាអនាម័យ រស់នៅស្អាត ហូបស្អាត លាងសម្អាតដៃ និងពាក់ម៉ាស់ឲ្យបានជាប្រចាំ ដើម្បីការពារកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ជាពិសេសត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនក្នុងវគ្គហ្វឹកហ្វឺន ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល វាស់កម្ដៅ ពាក់ម៉ាស់ មានជែល ឬទឹកអាល់កុលសម្រាប់លាងដៃ និងរក្សាគម្លាតសង្គមជាដើម។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហានជាសិក្ខាកាមចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងគ្រឿងបរិក្ខារពេទ្យមួយចំនួនទៀតផងដែរ៕