(ភ្នំពេញ)៖ ក្នុងសារជូនពលរដ្ឋកម្ពុជាក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជាក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានប្រកាសបង្ហាញជំហរគាំទ្រដល់កម្ពុជា ដើម្បីសម្រេចទិសដៅអភិវឌ្ឍន៍។
លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។ មុនដំណើរអញ្ជើញមកដល់តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានផ្ញើសារមួយជូនពលរដ្ឋកម្ពុជា។
ក្នុងការនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានគូសរំលេចពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា។ ប្រមុខការទូតជប៉ុនរូបនេះ បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបាននាំមកជាមួយនូវនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា។
ក្ប្រមុខការទូតជប៉ុនរូបនេះ បានគូសរំលេចថា ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម។
លោកបានលើកឡើងនៅក្នុងសារនោះ បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលលោកបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុននៅកម្ពុជាបានកើនឡើង ២.២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន ២.៧ដង (ពី១៤២ក្រុមហ៊ុន ដល់៣៨៨ក្រុមហ៊ុន)។ ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន ២.៣ដង (ពី ១០០លានដុល្លាអាមេរិករហូត ដល់ ២៣០លានដុល្លាអាមេរិក)។
លោកបន្តថា ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុនកើន៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់)។ ប្រទេសកម្ពុជាស្ថិតនៅទីកណ្តាលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម ២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពកាន់តែស៊ីជម្រៅថែមទៀត។
លោកក៏បានរំលឹកដែរថា កាលពីខែមករាឆ្នាំ២០២០ លោកបានជួបជាមួយយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍លើនយោបាយចំនួន ១០រូប ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ហើយយុវជនកម្ពុជាទាំង១០រូបនោះ បានសម្តែងចេញនូវស្មារតីចង់អភិវិឌ្ឍកម្ពុជាយ៉ាងខ្លាំង។
លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានកោតសរសើរពីធនធានមនុស្សរបស់កម្ពុជា ដោយបានប្រដូចធនធានមនុស្សរបស់កម្ពុជា ដូចជាកំពូលប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ ដែលត្រូវបានទ្រដោយថ្មរឹងមាំដាក់បន្តុបលើគ្នាជាច្រើនដើម្បីឱ្យខ្ពស់។ ម៉្យាងវិញទៀត ដូចគ្នានឹងយុគសម័យអង្គរដែលបានរីកចម្រើនលូតលាស់ដោយការរួមរស់ជាមួយគ្នា និងការលាយបញ្ចូលគ្នារវាងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ប្រទេសកម្ពុជាមានប្រវត្តិ និងប្រពៃណីទទួលយកវប្បធម៌ គំនិតខុសៗគ្នា និងធនធានមនុស្សផ្សេងៗគ្នាផងដែរ។
បន្ទាប់ពីពិពណ៌នាអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទាំងនេះទៅ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានគូសបញ្ជាក់ថា ជប៉ុន នឹងបន្តគាំទ្រ និងជួយដល់កម្ពុជា ដើម្បីសម្រេចនូវមាគ៌ាអភិវឌ្ឍន៍ដោយផ្សារភ្ជាប់ជាមួយកម្លាំងយុវជន។
លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានបញ្ជាក់ដូច្នេះ «ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រដើម្បីឲ្យប្រទេសកម្ពុជាអាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង»។
ប្រមុខការទូតជប៉ុនរូបនេះ បានបញ្ជាក់ដែរថា លោកទន្ទឹងរង់ចាំជួបពិភាក្សាយ៉ាងស្មោះអស់ពីចិត្តជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរកាន់ តែរីកចម្រើនថែមទៀត។
លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសកម្ពុជាក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះប្រមុខការទូតជប៉ុនរូបនេះ នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែសីហា។
នៅរសៀលថ្ងៃដដែលលោករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងជំនួបនេះនឹងមានការជជែកគ្នាលើបញ្ហាទ្វេភាគី និងពហុភាគីមួយចំនួនដែលជាចំណាប់អារម្មណ៍រួម។
ជាការកត់សម្គាល់ក្រោមក្រោមទំនាក់ទំនងដ៏រស់រវើករវាងកម្ពុជា និងប្រទេសជាមិត្តនោះ ក្នុងមួយឆ្នាំៗកម្ពុជាទទួលថ្នាក់ដឹកនាំប្រទេសជាមិត្តមិនតិចនោះឡើយ។ តែសម្រាប់ឆ្នាំ២០២០ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ មកដល់ខែសីហា នេះមិនទាន់មានថ្នាក់ដឹកនាំប្រទេសជាមិត្តណាបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅឡើយនោះទេ។
លោក ម៉ូតេហ្គី តូស៊ីមីត្សឹ អាចរាប់ថា ជាមន្ត្រីជាន់ខ្ពស់ប្រទេសជាមិត្តដំបូងគេហើយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២០ ពេលកំពុងជួបវិបត្តិដោយសារជំងឺកូវីដ១៩៕
សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣។
តាមរយៈទំនាក់ទំនងល្អប្រសើរនេះ ជប៉ុនបានជំរុញការវិនិយោគជាបន្តបន្ទាប់មកកាន់កម្ពុជា។ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ គម្រោងវិនិយោគជប៉ុននៅកម្ពុជា មានសរុបចំនួន ១៣៧គម្រោង ដែលមានទុនសរុបចំនួន ២,៤៨៦លានដុល្លារអាមេរិក។ ក្នុងនោះ ឆ្នាំ២០១៦ ទុនវិនិយោគមានចំនួន ៨២២លានដុល្លារ, ឆ្នាំ២០១៧ មានទុនវិនិយោគចំនួន ៦៣លានដុល្លារ និងឆ្នាំ២០១៨ មានទុនវិនិយោគចំនួន ៨៨៣លានដុល្លារ។
គម្រោងវិនិយោគរបស់ជប៉ុន មាននៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ មេនហាតធេនបាវិត តាយសេងបាវិត ដ្រេហ្គន់យើងបាវិត កំពង់ផែក្រុងព្រះសីហនុ សានកូប៉ោយប៉ែត និងនាងកុកកោះកុង។
ប្រទេសជប៉ុន ក៏ជាប្រទេសនាំមុខគេមួយក្នុងការផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម ដោយបានផ្តល់ថវិកាសរុប ៨៥,១២លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៦) ស្មើនឹង ៣២% នៃជំនួយហិរញ្ញវត្ថុអន្តរជាតិ។ ក្នុងនោះ ១៦,៥៤លានដុល្លារអាមេរិក សម្រាប់ភាគីជាតិ និង ៦៨,៥៨លានដុល្លារអាមេរិកសម្រាប់ភាគីអន្តរជាតិ។ ក្នុងឆ្នាំ២០១៧ ជប៉ុនបានផ្តល់ថវិកាចូលរួមបន្ថែមចំនួនប្រមាណ ១,២លានដុល្លារអាមេរិក សម្រាប់ភាគីអន្តរជាតិនៃសាលាក្តីខ្មែរក្រហម។
ក្រៅពីជំនួយដល់សាលាក្តីខ្មែរក្រហមហើយនោះ ជប៉ុន ក៏បានផ្តល់ជំនួយជាច្រើនលានដុល្លារទៀត សម្រាប់ការអភិវឌ្ឍនៅកម្ពុជាជាលើវិស័យអប់រំ កែលំអរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការងារមនុស្សធម៌ និងដោះស្រាយបញ្ហាសង្គមផ្សេងៗទៀត៕