(ស្វាយរៀង)៖ អគារមត្តេយ្យសហគមន៍មួយស្ថិតនៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ដែលជាអំណោយរបស់សប្បុរសជន ត្រូវបានបើកសម្ពោធដាក់ឱ្យុដំណើរការ ត្រៀមខ្លួនសម្រាប់កូនចៅរបស់ប្រជាពលរដ្ឋសហគមន៍សិក្សារៀនសូត្រ។

ពិធីសម្ពោធធ្វើឡើងនារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ ដោយក្នុងឱកាសនោះ អភិបាលស្រុកបានថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះទឹកចិត្ដម្ចាស់ផ្ទះ ដែលបានផ្តល់ទីតាំងដីមួយកន្លែងសម្រាប់សាងសង់មត្តេយ្យសាលានេះ និងសប្បុរជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រថវិកាក្នុងការសាងសង់សាលាមត្តេយ្យនេះឲ្យចេញជារូបរាងនាពេលនេះ ។

លោកអភិបាលស្រុកក៏បានផ្តាំផ្ញើដល់គណៈគ្រប់គ្រងមត្តេយ្យសហគមន៍នេះ ត្រូវចេះថែរក្សាសម្បត្តិរួមមួយនេះឲ្យបានគង់វង់យូរអង្វែង ដើម្បីផ្តល់ណេះដឹងដល់កុមារៗក្នុងសហគមន៍។

លោកអភិបាលក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សា សុខភាព សម្អាតអនាម័យក្នុងភូមិដ្ឋាន ព្រោះជំងឺកូវីដ-១៩កំពុងតែបន្តរីករាលដាលនៅលើពិភពលោក ហើយក្នុងប្រទេសក៏មានការនាំចូលពីក្រៅប្រទេស ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទប់ស្កាត់បានទាន់ពេលវេលា ត្រូវប្រុងប្រយ័ត្នកុំឲ្យមានការចម្លងចូលក្នុងសហគមន៍ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពេលធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងត្រូវចូលរួមទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងនៅតាមមូលដ្ឋាន៕