(បន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានព្រមានចាប់ខ្លួនលោក អឹង ប៊ុនហួរ បញ្ជូនទៅតុលាការ បើរូបគេព្រហើនធ្វើសកម្មភាពកាយដីស្ទឹងទឹកថ្លាបន្តទៅទៀត។ នេះជាការអះអាងរបស់លោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង។

លោក ហ៉ឹល រ៉ាយ៉ា បានព្រមានបែបនេះ ក្នុងឱកាសដឹកនាំគណៈបញ្ជាការឯកភាពក្រុង ចុះបង្ក្រាបសកម្មភាពកាយយកអាចម៍ដីនៅមាត់ស្ទឹងទឹកថ្លា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។ ប្រតិបត្តិការនេះអាជ្ញាធរបង្ក្រាបរថយន្តដឹកដីចំនួន៩គ្រឿង ត្រាក់ទ័រ១គ្រឿង អេសស្កា ៣គ្រឿង ពេលកំពុងធ្វើសកម្មភាពកាយយកអាចម៍ដីពីមាត់ស្ទឹង និងចំណីស្ទឹងសិរីសោភ័ណ។

តាមការអះអាងរបស់ លោក ហុឹល រ៉ាយ៉ា បានប្រាប់ឲ្យដឹងថា កន្លងមកលោកបានដឹកនាំរដ្ឋបាលក្រុងចុះបង្ក្រាប លោក ប៊ុនហួរ ម្តងរួចមកហើយព្រោះគាត់បានឲ្យកម្មករ និងគ្រឿងចក្ររបស់លោកកាយយកអាចម៍ដីពីមាត់ស្ទឹងនិងចំណីស្ទឹងសិរីសោភ័ណរបស់រដ្ឋត្រង់ក្បាលស្ទឹងស្ពានទឹកថ្លា ក្នុងទំហំប្រមាណជិត ៣០,០០០ម៉ែត្រក្រឡា ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។

តែលោក អឹង ប៊ុនហួរ នេះនៅគឃ្លើនបានបន្តឲ្យកម្មករនិងគ្រឿងចក្ររបស់លោកកាយយកអាចម៍ដីពីមាត់ស្ទឹងនិងចំណីស្ទឹងសិរីសោភ័ណរបស់រដ្ឋត្រង់ក្បាលស្ទឹងស្ពានទឹកថ្លាបន្តទៀតដោយមិនញើតនឹងច្បាប់ឡើយ។

លោក ហ៉ឹល រ៉ាយ៉ា បានប្រាប់ឲ្យដឹងថា អាជ្ញាធរ និងជំនាញនឹងត្រូតពិនិត្យលម្អិតបន្ថែមទៀត លើសកម្មភាពរំលោភខាងលើ ហើយនឹងប្រើឧបករណ៍និយាមការភូមិសាស្ត្រ GPS ចុចផ្ទៀងផ្ទាត់ឲ្យបានជាក់លាក់។

លោកបានបញ្ជាក់ថា «លើកទី១ លោកចុះបញ្ឈប់ឲ្យកាយ លើកទី២ ចុះឃាត់រថយន្តដឹកដី៩គ្រឿង ត្រាក់ទ័រ១គ្រឿង និងម៉ៃខូ៣គ្រឿង ធ្វើកិច្ចសន្យា បើមានលើក៣ទៀត នឹងបញ្ជូនទៅតុលាការហើយ ដើម្បីធ្វើទៅតាមនីតិវិធី»៕