(បាត់ដំបង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ បានអញ្ជើញពិនិត្យសកម្មភាពការងាររបស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪ ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការកសាងអគារសិក្សា ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ដោយមានការរួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។
សូមបញ្ជាក់ជូនថា ព្រះរាជសមិទ្ធផលដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ សម្តេចឪ សម្តេចម៉ែ ប្រោសព្រះរាជទានដល់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននៅឆ្នាំ១៩៥៧ ក្នុងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿង។
អាស្រ័យដោយព្រះរាជសមិទ្ធផលនេះ មានសភាពចាស់ទ្រុឌទ្រោមមិនអាចឱ្យសិស្សានុសិស្សដំណើរការរៀនសូត្រតទៅមុខទៀតបាននោះ សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជតម្រិះប្រោសព្រះរាជទាន សម្តេចចៅហ្វាវាំង គង់ សំអុល ដឹកនាំចាត់ចែងមន្ត្រីក្រុមសម្តេចឪកសាងអគារសិក្សាថ្មីនៅលើទីតាំងអគារសិក្សាចាស់ ដែលបានបន្សល់ទុកតាំងពីក្នុងសម័យសង្គមរាស្រ្តនិយម។
ចំពោះគម្រោងនៃការកសាងអគារសិក្សាថ្មី ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រោសព្រះរាជទាននូវការសាងសង់តាមរយៈក្រុមសម្តេចឪនៅក្នុងពេលនេះ មានអគារធ្វើអំពីបេតុងចំនួន ១ខ្នង ២ជាន់ ស្មើនឹង ២០បន្ទប់ ក្នុងនោះបណ្តោយប្រវែង ៩៤.៥៦ម៉ែត្រ ទទឹង ៩ម៉ែត្រ។ អគារនេះត្រូវបានរៀបចំជាថ្នាក់រៀនចំនួន ១៥បន្ទប់ និង ៥បន្ទប់ទៀត បានរៀបចំជាបណ្ណាល័យ និងមន្ទីរពិសោធន៍។
ក្រៅពីនេះ បានសាងសង់នៅព្រះរាជសមិទ្ធផលមានអាងទឹកមួយកន្លែងកម្ពស់ ៨ម៉ែត្រ ចំណុះ ៩,០០០លីត្រ បង្គន់អនាម័យ ១ខ្នង ស្មើនឹង ៦បន្ទប់ទៀតផង។
ក្រុមសម្តេចឪបានចាប់ផ្តើមកសាងព្រះរាជសមិទ្ធផលដ៏ថ្លៃថ្លានេះ ចាប់តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផលរហូតដល់ការចាក់ប្លង់សេបានចំនួន ២សន្លឹក បណ្តុះសសរ រៀបជញ្ជាំង និងធ្នឹមផ្នែកខាងលើ ដើម្បីឈានទៅបន្តការងារចាក់ប្លង់សេសន្លឹកទី៣ជាបន្តទៀត។ ប្រសិនបើគិតជាភាគរយសម្រេចបានប្រមាណ ៥០% ហើយ។
ព្រះរាជកិច្ចស្ថាបនាព្រះរាជសមិទ្ធផលជាអគារសិក្សាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គឺជាព្រះរាជកិច្ចដ៏វិសេសវិសាលមួយដែលព្រះអង្គបានគោរពប្រណិប័តយ៉ាងខ្ជាប់ខ្ជួនឧត្តុងឧត្តមបំផុត ដង្ហែតាមព្រះរាជគំរូវីរភាពដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះវររាជបិតាអប់រំសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទាននៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសព្រះអង្គបានប្រោសព្រះរាជទានដល់ប្រជារាស្រ្តនៅក្នុងមូលដ្ឋានទាំងឡាយណា ដែលជួបការលំបាកខ្វះខាតអគារសិក្សា ដើម្បីទុកធ្វើជាថ្នាលបណ្តុះចំណេះដឹងដល់កុលបុត្រ កុលធីតាខ្មែរ ដែលជាទំពាំងស្នងឫស្សីសម្រាប់បន្តវេនធានារ៉ាប់រងចំពោះជោគវាសនាអនាគតរបស់ប្រទេសជាតិ។
ការប្រោសព្រះរាជទាននូវអគារសិក្សាព្រមទាំងព្រះរាជសមិទ្ធផលព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើឱ្យលោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជារាស្ត្រជាកូនចៅនៅក្នុងមូលដ្ឋាន មានសេចក្តីត្រេកអរឥតឧបមា និងបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយសម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះពរ ព្រះអង្គបានសមប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តចម្រើនរុងរឿងដល់ព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិជាកូនចៅ ចៅទួតរបស់ព្រះអង្គជារៀងរហូតតទៅ៕