(បាត់ដំបង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងរបស់ព្រះករុណា ព្រះមហាក្សត្រ បានចុះពិនិត្យសកម្មភាពការងារអន្តរាគមន៍យ៉ាងសកម្មផុលផុសរបស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងដំណើរការជីកស្រះទឹកដ៏ធំមួយកន្លែង ជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ប្រជារាស្ត្រ ជាបងប្អូន កូនចៅរបស់ព្រះអង្គ មានទីតាំងស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ដោយមានការរួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។
ក្នុងឱកាសចុះបំពេញការងារនៅមូលដ្ឋាននេះ សម្តេចចៅហ្វាវាំងបានអញ្ជើញពិនិត្យលទ្ធផលការងារដ៏ប្រសើររបស់ក្រុមសម្តេចឪលើការជីកស្តារស្រះទឹក ព្រះរាជអំណោយដ៏ឧត្តុងឧត្តមមួយកន្លែងនេះ ដែលមានទំហំ ១០០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ដែលក្រុមសម្តេចឪបានដំណើរការជីកស្តារចាប់តាំងពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ សម្រេចបានលទ្ធផលប្រមាណ ៩៥% ហើយ។
គួរបញ្ជាក់ជូនថា ការជីកស្រះទឹកមួយកន្លែងនេះ គឺត្រូវបានជីកស្តារនៅលើអាងទឹកបុរាណដែលមានឈ្មោះថា អាងព្រះស្រែធំ បានកសាងឡើងនៅក្នុងឆ្នាំ១៩៥៨ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាស្ថាបនាជាតិ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
អាងព្រះស្រែធំនេះមានទំហំបណ្តោយ ៤៥០ម៉ែត្រ និងទទឹង ២២៥ម៉ែត្រ។ អាស្រ័យដោយអាងព្រះស្រែធំមានសភាពគោករាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ប្រោសព្រះរាជទាន សម្តេចចៅហ្វាវាំង ចាត់ចែងមន្ត្រីក្រុមសម្តេចឪធ្វើការស្ថាបនា ដើម្បីជាឧត្តមប្រយោជន៍នៃការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រមានចំនួន ៤ភូមិ ក្នុងឃុំស្នឹង ស្រុកបាណន់ មានការងាយស្រួល នៅក្នុងរដូវប្រាំង ដោយពុំចាំបាច់ដឹកជញ្ជូនទឹកពីទីឆ្ងាយមកទទួលទាន និងប្រើប្រាស់បម្រើក្នុងជីវភាពប្រចាំថ្ងៃ។
ការប្រោសព្រះរាជទាននូវព្រះរាជអំណោយជាស្រះទឹក តាមរយៈចលនាដ៏ល្អប្រពៃរបស់ក្រុមសម្តេចឪ គឺមានកិច្ចដំណើរការយ៉ាងល្អវិសេសវិសាល ស្របគ្នាទៅនឹងការប្រោសព្រះរាជទាន ព្រះរាជសមិទ្ធផលដ៏ឧត្តុងឧត្តមដទៃទៀតដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គបានប្រោសព្រះរាជទានជារៀងរាល់ខែរាល់ឆ្នាំ ដើម្បីចូលរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រ ជាពិសេសប្រជារាស្រ្តរស់នៅតាមតំបន់ទីជនបទឆ្ងាយៗ ឲ្យមានជីវភាពកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។
ប្រជារាស្ត្ររស់នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានថ្លែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទាន ព្រះរាជសមិទ្ធផលដ៏ឧត្តុងឧត្តមនេះ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជបារមីនៃវត្ថុសក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោក សូមព្រះអង្គជួយបីបាច់ថែរក្សា និងប្រោសព្រះទាននូវព្រះពរជ័យសិរីមង្គលដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខ គ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តសម្បូរសប្បាយដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕