(ពោធិ៍សាត់-កំពង់ស្ពឺ-កំពត)៖ ក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន នាពេលថ្មីៗនេះបានដឹកនាំមន្រ្តីឧទ្យានុរក្ស ដែលឈរជើងនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់។
នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រុមការងារបានរឹបអូសបានឡានដំរីច្នៃចំនួន ២គ្រឿង ម៉ូតូ ២គ្រឿង រោងម៉ាស៊ីនអារឈើចំនួន ៣កន្លែង ជើងរ៉ៃចំនួន៣ និងឈើប្រណិតមួយចំនួន។
ជាមួយគ្នានេះដែរ តាមការណែនាំរបស់អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និងលោកព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្ត មន្ទីរបរិស្ថានខេត្តកំពត បានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្ស និងដោយមានការសហការពីអាជ្ញាធរស្រុក កម្លាំងនគរបាលស្រុកឈូក និងកម្លាំងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានចុះរុះរើស្នាក់ការសាងសង់អនាធិបតេយ្យ របស់សមាគមន៍អភិវឌ្ឍអតីតយុទ្ធជនកម្ពុជា ដែលប្រធានសមាគមន៍បានយកឈ្មោះសមាគមន៍ ទៅប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងតំបន់ឧទ្យានជាតិបូកគោ ដើម្បីបំផុសចលនាប្រជាជនឱ្យចូលកាប់ឆ្ការរានដី ព្រៃយកធ្វើជាកម្មសិទ្ធិ។
សូមបញ្ជាក់ថា រយៈកាលកន្លងមកតែងតែមានជនល្មើសលបលួចប្រព្រឹត្តបទល្មើស តាមគ្រប់រូបភាពនៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃ ក៏ដូចជានៅក្នុងឧទ្យានជាតិរបស់យើង គ្រាដែលអគ្គនាយកដ្ឋាន នាយកដ្ឋានជំនាញ មន្ទីរបរិស្ថាន រួមនិងមន្រ្តីឧទ្យានុរក្ស តែងបានខិតខំប្រឹងប្រែង និងចុះធ្វើប្រតិបត្តិការបង្រ្កាបបទល្មើសទាំងនោះជាប់ជាប្រចាំ ប៉ុន្តែយើងនៅជួបបញ្ហាប្រឈម ពាក់ព័ន្ធនឹងបទល្មើសគ្រប់រូបភាព និងគ្រប់សណ្ឋានជាច្រើនទៀត ដែលតម្រូវឱ្យមានការចូលរួម ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងការបន្តអនុវត្តការបង្រ្កាប ក៏ដូចជាការការពារ និងទប់ស្កាត់រាល់បទល្មើសទាំងនោះ ឱ្យបានទាន់ពេលវេលា៕