(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានសម្រេចប្រកាសបិទជាស្ថាពរ ចំពោះទីតាំងភោជនីយដ្ឋាន Diamond Sound មួយកន្លែងភ្លាមៗ បន្ទាប់ពីលោកដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងរកឃើញលួចបើកខារ៉ាអូខេ KTV ស្ងាត់ៗ ប្រឆាំងនឹងសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។
ការសម្រេចប្រកាសរបស់ លោក ជា ពិសី ក្នុងការបិទជាស្ថាពរ ចំពោះទីតាំងភោជនីយដ្ឋាន Diamond Sound ដែលលួចបើកខារ៉ាអូខេ KTV ស្ងាត់ៗ ប្រឆាំងនឹងសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នេះ បានអនុវត្តឡើង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាម៉ោងជាង៨យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។
លោក ជា ពិសី បានគូសបញ្ជាក់ថា ក្រៅពីប្រកាសបិទជាស្ថាពរ ចំពោះទីតាំងភោជនីយដ្ឋាន Diamond Sound ដែលលួចបើកខារ៉ាអូខេ KTV ស្ងាត់ៗមួយកន្លែងនេះហើយ, ក្រុមការងាររដ្ឋបាលខណ្ឌ ក៏បានណែនាំបន្ថែមទៀតដល់ម្ចាស់ទីតាំងអាជីវកម្មខារ៉ាអូខេ (KTV) ដែលត្រូវប្រែក្លាយទៅជាភោជនីយដ្ឋានកំពុងបើកដំណើរការទាំងឡាយឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ ការបង្ការ និងការការពារ នៃការរីករាលដាលជម្ងឺកូវដ១៩។
សូមជម្រាបថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យប្រែក្លាយខារ៉ាអូខេ (KTV) ទៅជាភោជនីយដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ជំងឺ COVID-19, រដ្ឋបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ជា ពិសី បានបន្តចុះត្រួតពិនិត្យ ជាក់ស្ដែងនិងជាបន្តបន្ទាប់ លើទីតាំងខារ៉ាអូខេ (KTV) ដែលកំពុងបើកដំណើរការជាធម្មតា គឺជាលទ្ធផលរកឃើញថា មានលក្ខណៈជាភោជនីយដ្ឋាន តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕