(តាកែវ-កំពត)៖ លោក គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ និងលោក ស៊ិន វុទ្ធី អគ្គនាយកកិច្ចការរដ្ឋបាល នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៦ បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅខេត្តតាកែវ និងខេត្តកំពត។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យការងារ លោកអនុរដ្ឋលេខាធិការ គួច វែងស្រ៊ុន បានប្រាប់ឱ្យដឹងថាចំពោះស្ថានភាពទឹក សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលដំណាំស្រូវ នៅក្នុងខេត្តទាំងពីរ គឺមិនមានបញ្ហានោះទេ។ សម្រាប់ខេត្តតាកែវ ដំណាំស្រូវវស្សាត្រូវបានប្រជាកសិករប្រមូលផលរួចរាល់ហើយ ដោយសម្រេចបាន ១០០ភាគរយ នៃផ្ទៃដីផលិតបាន ចំនួន ១៩៣,៨០០ហិកតា។ ឯស្រូវប្រាំងផលិតបានលើផ្ទៃដីចំនួន ៩១,០០២ហិកតា ស្មើនឹងប្រមាណ ១២១ភាគរយ នៃផែនការដែលបានដាក់ចុះ និងកំពុងប្រមូលផលជាបណ្តើរៗ ដែលមកដល់ពេលនេះសម្រេចបានចំនួន ១៣,៦៥០ ហិកតា។
លោក គួច វែងស្រ៊ុន បានបន្តថា នាពេលកន្លងមកដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល បានធ្វើឱ្យផ្ទៃដីបង្កបង្កើនផលស្រូវមួយចំនួន ទាំងស្រូវវស្សា និងស្រូវប្រាំងនៅក្នុងខេត្តតាកែវ ទទួលរងផលប៉ះពាល់។ ប៉ុន្តែដោយមានការចុះអន្តរាគមន៍ជាបន្តបន្ទាប់ និងទាន់ពេលវេលា ពីសំណាក់ក្រុមការងារក្រសួង ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ផ្ទៃដីប៉ះពាល់ទាំងនេះត្រូវបានសង្គ្រោះទាំងស្រុង តាមរយៈការបូមប្រមូលទឹកបញ្ចូលអាង និងការបង្វែរទឹកមកជួយបន្ថែមពីខេត្តកំពង់ស្ពឺ។
លោកអនុរដ្ឋលេខាធិការបន្តទៀតថា ចំណែកខេត្តកំពតវិញ ក៏ដូចជាខេត្តតាកែវដែរ ប្រជាកសិករបានប្រមូលផលស្រូវវស្សារួចរាល់ ដោយសម្រេចបាន ១០០ភាគរយ នៃផ្ទៃដីផលិតបានចំនួន ១៣៦,៥៣៧ហិកតា។ ឯស្រូវប្រាំងផលិតបានលើផ្ទៃដីចំនួន ៩,៧៣៧ហិកតា ស្មើនឹងប្រមាណ ១៣៩ភាគរយនៃផែនការ ហើយក៏កំពុងប្រមូលផលជាបណ្តើរៗផងដែរ ដែលមកដល់ពេលនេះសម្រេចបានចំនួន ២,៤៣៤ហិកតា។ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានចេញសារាចរណែនាំក្នុងការថែរក្សាទឹក ទុកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងមានការចុះណែនាំដោយផ្ទាល់ពីមន្ត្រីជំនាញ រួមនឹងអាជ្ញាធរមូលដ្ឋានប្រជាកសិករនៅក្នុងខេត្តទាំងពីរ បានបង្វែរពីការដាំដុះដំណាំស្រូវប្រាំងលើកទី២ មកធ្វើការដាំដុះដំណាំបន្ទាប់បន្សំជំនួសវិញ៕