(ស្វាយរៀង)៖ ក្នុងឱកាសរាជរដ្ឋាភិបាលអនុញ្ញាតមានការឈប់សម្រាកសងថ្ងៃចូលឆ្នាំ វិស័យទេសចរណ៍ទូទាំង២៥រាជធានី-ខេត្ត បានងើបឡើងគួរឱ្យកត់សម្គាល់។ ខេត្តស្វាយរៀង ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរផងដែរ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែសីហា ខេត្តភាគខាងត្បូងមួយនេះ ទទួលបានភ្ញៀវទេសចរ ២,៤០០នាក់។
ភាគច្រើននៃភ្ញៀវទេសចរទាំងនោះ បានទៅទស្សនានៅរមណីយដ្ឋានទេសចរណ៍ប្រាសាទបាសាក់ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ រមណីយដ្ឋានស្ពានត្នោត និងរមណីយដ្ឋានទឹកវិលជាដើម។
លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយអាជ្ញាធរដែនដី ក្នុងការអប់រំផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ ដល់ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាន ក៏ដូចជារមណីយដ្ឋាននានា ត្រូវគោរពទៅតាមវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវអំពីការបង្ការការពារជំងឺកូវីដ-១៩នេះ ដោយត្រូវមានជាចាំបាច់នូវទឹកអាល់កុល សាប៊ូ ឬជែលសម្រាប់ឲ្យភ្ញៀវលាងដៃ និងម៉ាស៊ីនវាស់កម្ដៅផងដែរ។
លោកប្រធានមន្ទីរបានបន្តថា ប្រជាពលរដ្ឋខ្លះបានដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត ហើយអ្នកខ្លះទៀត ក៏បានចេញទៅដើរលេងនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងខេត្តភាគឦសានផងដែរ។
បើតាមការកត់សម្គាល់របស់លោក វ៉ាន់ សារ៉ាត កត្តាដែលធ្វើឱ្យប្រជាពលរដ្ឋបានដើរលេងកម្សាន្តដូច្នេះ ដោយសារមានការងារធ្វើ បង្កើនជីវភាពឱ្យមានភាពធូរធា ទើបធ្វើឲ្យពួកគាត់មានលទ្ធភាពបានដើរលេងកម្សាន្ត។
មួយវិញទៀត ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តស្វាយរៀង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធនានា និងនៅតាមទីតាំងតំបន់ទេសចរណ៍ ព្រមទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕