(បន្ទាយមានជ័យ)៖ ជនជាតិថៃចំនួន ២នាក់ បានលួចមកសម្ងំជក់គ្រឿងញៀននៅទឹកដីកម្ពុជា តែត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចេញបង្ក្រាបឃាត់ខ្លួនបានទាំងពីរ និងដកហូតបានវត្ថុតាងមួយចំនួនទៀត មានម្សៅក្រាមពណ៌សថ្លា ៤កូនថង់ ស្មើនឹង ៣.៩៤ក្រាម ឧបករណ៍សម្រាប់ប្រើប្រាស់ និងវិចខ្ចប់គ្រឿងញៀន។

ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ពោលគឺក្រោយពីទទួលបានព័ត៌មានមកថា មានអ្នកជក់ថ្នាំញៀននៅក្នុងផ្ទះសំណាក់មួយកន្លែង ជាន់ទី៥ បន្ទប់លេខ ៥២ ស្ថិតនៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ សុត សុផនវិឆាណាំឡុង អាយុ៣៨ឆ្នាំ ជនជាតិថៃ និងម្នាក់ទៀតមានឈ្មោះ សាក់កាចន តាផែវ អាយុ៤៦ឆ្នាំ ជនជាតិថៃ អ្នកទាំងពីរស្នាក់នៅផ្ទះសំណាក់ដែលមានទីតាំងដូចមានរៀបរាប់ខាងលើ។

ក្រោយពីបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរួចមក ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនមកទុកសម្រាប់ជក់ពិតប្រាកដមែន។ ក្រោយទទួលបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញគ្រឿងញៀនអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕