(កំពង់ឆ្នាំង)៖ ឆ្លងកាត់ពេលវេលាអស់កាលជាង ១២០០ឆ្នាំ ប្រាសាទកំពង់ព្រះ នៅតែអាចតាំងជំហរឈរលើទីទួលបុរាណមួយនាតំបន់ខាងលិចបឹងទន្លេសាប សម្ងែងសោភ័ណភាពបង្អួតស្នាដៃរបស់បុព្វបុរសខ្មែរនាសម័យចេនឡា ខណៈម៉ូតសិល្បៈខ្មែរបុរាណដែលមាននៅលើប្រាង្គប្រាសាទនេះ ត្រូវបានអ្នកបុរាណវិទូចាត់ទុកថាជាគំរូរចនាប័ទ្មសិល្បៈមួយគឺ «រចនាប័ទ្មកំពង់ព្រះ»

ប្រាសាទកំពង់ព្រះ មានទីតាំងស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង។ ប្រាសាទនេះត្រូវបានសាងសង់នៅលើទីទួលមួយកន្លែងមានទំហំដីជិត ២ហិកតា ស្ថិតចំកណ្ដាលវាលទំនាបក្បែរបឹងទន្លេសាប រីឯនៅជុំវិញបរិវេណទីទួលប្រាសាទបុរាណ ក៏ជាតំបន់ទឹកលិចជារៀងរាល់ឆ្នាំ តែដោយឡែកទីទួលប្រាសាទមួយនេះតាំងតែពីដើមមក បើទោះជាទឹកធំប៉ុណ្ណាក៏ដោយ ក៏ទីទួលនេះមិនដែលលិចនោះឡើយ។ នៅរដូវវស្សា ប្រសិនបើគេចង់ទៅលេងកម្សាន្តនៅទីទួលប្រាសាទបុរាណនេះ គេត្រូវតែធ្វើដំណើរតាមទូក ឬកាណូត។

នៅលើទីទួលនេះ គឺមានប្រាសាទចំនួនពីរ គឺប្រាសាទប្រុស (ប្រាសាទតូច) និងប្រាសាទស្រី (ប្រាសាទធំ) ដែលត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៧ និងដើមសតវត្សទី៨ ក្នុងរជ្ជកាលព្រះមហាក្សត្រិយ៍ «ជ័យទេវី» នាចុងសម័យចេនឡា។ បច្ចុប្បន្ននៅលើទីទួលប្រាសាទបុរាណនេះ ក៏ជាទីអារាមមួយមានឈ្មោះថា វត្តទួលព្រះសី្រជ័យសូរ្យវង្ស ហៅវត្តកំពង់ព្រះ ដែលត្រូវបានកសាងឡើងជាច្រើនសតវត្សមកហើយ។

ព្រះតេជគុណ អ៊ំ សុគុណ ព្រះចៅអធិការវត្តព្រះស្រីជ័យសូរ្យវង្ស ហៅវត្តកំពង់ព្រះ មានសង្ឃដីការៀបរាប់ឲ្យដឹងថា បើតាមការចេះចាំពីប្រវត្តិសាស្រ្តខ្លះៗ ហើយក៏ដូចជាចាស់ៗបានដំណាលតៗគ្នាថា ប្រាសាទនេះកសាងឡើងដោយមេទ័ពស្រីដ៏អង់អាចមួយរូប ដែលមុននឹងចេញច្បាំងម្ដងៗ គាត់ក៏បានបួងសួងសុំសេចក្តីសុខ និងសុំឱ្យទទួលបានជ័យជម្នះ ដោយសុំឱ្យវត្ថុស័ក្តិសិទ្ធិគង់នៅលើទីទួលនេះតាមជួយថែរក្សា ដោយសន្យាថាបើទទួលបានជ័យជម្នះពិតមែន មេទ័ពស្រីរូបនេះនឹងកសាងប្រាសាទថ្វាយ ដើម្បីជាការតបស្នង ក៏ដូចជាការថ្វាយលាបំណន់។

លុុះច្បាំងបានជោគជ័យដូចបំណងហើយ ពេលត្រឡប់មកវិញ មេទ័ពស្រីរូបនោះក៏ចាប់ផ្ដើមសាងសង់ប្រាសាទទាំងពីរនេះឡើង ដោយប្រាសាទមួយសាងសង់ដោយកងទ័ពប្រុសៗ និងប្រាសាទមួយទៀត គឺកងទ័ពស្រីជាអ្នកសាងដោយផ្ទាល់ដៃ ដោយសារតែទ័ពស្រីមានគ្នាច្រើន និងឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ជាង ទើបប្រាសាទស្រីមានរចនាប័ទ្មល្អស្រស់ប្រណីតជាងប្រាសាទប្រុស។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ក៏បានឲ្យភ្នាក់ងារ Fresh News ដឹងថា ប្រាសាទនេះមានឈ្មោះជាផ្លូវការថា ប្រាសាទកំពង់ព្រះ ដោយមិនមានឈ្មោះផ្សេងនោះឡើយ ប្រាសាទទាំងពីរនេះ គឺកសាងឡើងនៅសតវត្សទី៧ និងទី៨ ក្នុងរជ្ជកាលព្រះមហាក្សត្រិយ៍ «ជ័យទេវី» នាចុងសម័យចេនឡា។

នៅក្នុងប្រវត្តិសិល្បៈខ្មែរ ប្រាសាទកំពង់ព្រះនេះមានរចនាប័ទ្មមួយមានឈ្មោះថា «រចនាប័ទ្មកំពង់ព្រះ» ដោយគេយករចនាប័ទ្មក្បូរក្បាច់ចម្លាក់ធ្វើជាគំរូ ដូច្នេះប្រាសាទផ្សេងៗមួយចំនួនផ្សេងទៀត មានក្បូរក្បាច់ចម្លាក់ដូចប្រាសាទកំពង់ព្រះនេះឯង ដូចជាប្រាសាទមួយចំនួននៅខេត្តកំពង់ឆ្នាំង និងនៅខេត្តកំពង់ចាម។

លោកបានបន្តថា កាលពីអំឡុងឆ្នាំ២០១១ ឬឆ្នាំ២០១២ មានក្រុមហ៊ុនទូរស័ព្ទដៃរបស់ថៃមួយបានយកគ្រឿងចក្រមកលួចជីកកកាយដល់គ្រឹះប្រាសាទ បម្រុងដំឡើងអង់តែននៅក្បែរប្រាសាទនេះ ដោយមិនមានសុំការអនុញ្ញាតពីអាជ្ញាធរឡើយ។ បន្ទាប់ពីអាជ្ញាធរបានដឹង ក៏បានចេញវិធានការទប់ស្កាត់ទាន់ពេល ថែមទាំងបានចាប់ជនខិលខូចដែលរួមគំនិតមួយចំនួនដាក់ពន្ធនាគារ ហើយប្រជាពលរដ្ឋខ្មែរក៏មានការគាំទ្រចំណាត់ការតាមផ្លូវច្បាប់នេះដែរ។

ជុំវិញករណីនេះ ព្រះចៅអធិការវត្តកំពង់ព្រះបានឲ្យដឹងដែរថា ក្រុមហ៊ុនទូរស័ព្ទដៃរបស់ថៃមួយនោះបានជីករណ្ដៅឃ្លាតពីជើងប្រាសាទប្រមាណ ៣-៤ម៉ែត្រ ដែលដូចមានបំណងចង់កាយរកវត្ថុបុរាណមានតម្លៃនៅទីទួលប្រាសាទបុរាណនេះ ក្នុងរូបភាពធ្វើជាជីករណ្ដៅដំឡើងអង់តែនទូរស័ព្ទ។

តាំងពីពេលនោះមក ទីទួលប្រាសាទបុរាណមួយនេះ ត្រូវបានក្រសួងវប្បធម៌ចេញបម្រាមហាមឃាត់ដាច់ខាតមិនអនុញ្ញាតឲ្យមានការជីក ឬកាយនៅក្នុងបរិវេណទីទួលនេះឡើយ សូម្បីតែការបញ្ចុះសពក៏មិនអនុញ្ញាតនោះដែរ៕