(ភ្នំពេញ)៖ លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ស្អែកនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែសីហា។
យោងតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នាពេលកន្លងទៅបានឱ្យដឹងថា ដំណើរពំពេញទស្សនកិច្ចនៅកម្ពុជានេះ លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែសីហា។
បើតាមក្រសួងការបរទេសក្នុងជំនួបនេះ នឹងមានការជជែកគ្នាលើបញ្ហាទ្វេភាគី និងពហុភាគីមួយចំនួនដែលជាចំណាប់អារម្មណ៍រួម។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់លោក ម៉ូតេហ្គី តូស៊ីមីសឺ នៅកម្ពុជា នឹងជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី។ ដំណើរទស្សនកិច្ចនេះ ក៏ជាការបង្ហាញនូវសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។
ជាធម្មតាក្រោមក្រោមទំនាក់ទំនងដ៏រស់រវើកក្នុងមួយឆ្នាំៗកម្ពុជាទទួលថ្នាក់ដឹកនាំប្រទេសជាមិត្តមិនតិចនោះឡើយ។ តែសម្រាប់ឆ្នាំ២០២០ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ មកដល់ខែសីហា នេះមិនទាន់មានថ្នាក់ដឹកនាំប្រទេសជាមិត្តណាបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅឡើយនោះទេ។
លោក ម៉ូតេហ្គី តូស៊ីមីសឺ អាចរាប់ថា ជាមន្ត្រីជាន់ខ្ពស់ប្រទេសជាមិត្តដំបូងគេហើយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា៕