(ក្រចេះ)៖ តំណាងឲ្យលោកស្រី ហ៉ឹង ណារី វ៉ាថន ភរិយាអភិបាលខេត្តក្រចេះ លោកស្រី គន់ រដ្ឋា ភរិយាលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ ពិនិត្យការរស់នៅរបស់ជនរងគ្រោះដោយគ្រឿងញៀននៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន «ក្រចេះឱកាសថ្មី»។
ថ្លែងទៅកាន់ជនរងគ្រោះដោយគ្រឿងញៀន និងកំពុងកែប្រែបន្សាបនៅក្នុងមណ្ឌល ចំនួន៥២នាក់ លោកស្រី គន់ រដ្ឋា បានពាំនាំការសួរសុខទុក្ខពីសំណាក់លោកស្រី ហ៉ឹង ណារី វ៉ាថន ដល់នគរបាលប្រចាំការនៅមណ្ឌល និងណែនាំឲ្យជនរងគ្រោះដោយគ្រឿងញៀនត្រូវរស់នៅឲ្យមានអនាម័យស្អាតជៀសផុតពី កូវីដ១៩។
លោកស្រីបានជំរុញពួកគេខិតខំហាត់ប្រាណ គោរពការណែនាំរបស់ប្រធានមណ្ឌល ពេលត្រឡប់ទៅផ្ទះវិញត្រូវគោរពស្រលាញ់ឪពុកម្តាយ ចូលរួមគោរពច្បាប់ កុំប្រព្រឹត្តសកម្មភាពអ្វីដែលខុសច្បាប់ នាំឲ្យមានការលំបាកដល់ក្រុមគ្រួសារ។
សូមបញ្ជាក់ថា អំណោយដែលបាននាំយកទៅប្រគល់ដល់មណ្ឌលអប់រំកែប្រែ និងបន្សាបគ្រឿងញៀន រួមមាន អង្ករ២០បាវ និងថវិការចំនួន ២លានរៀល៕