(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ បានអំពាវនាវសារជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ។
វិធានសុវត្តិភាពនេះរួមមាន៖ ការលាងសម្អាតដៃនិងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស ត្រូវសម្អាតបរិវេណបន្ទប់ទឹក និងទីតាំងនានាដែលភ្ញៀវទេសចរប្រើប្រាស់ញឹកញាប់ឲ្យបានជាប់ជាប្រចាំនិងឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារសារាចរណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងនោះក្រសួងទេសចរណ៍សូមធ្វើការអំពាវនាវពីភ្ញៀវទេសចរសហការចូលរួមចុះឈ្មោះក្នុងពេលចូលក្នុងមូលដ្ឋានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នានានានា។
ក្រសួងទេសចរណ៍ ក៏បានជូនពរភ្ញៀវទេសចទាំងអស់គ្នាសម្រាកកម្សាន្តដោយសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាព៕