(បន្ទាយមានជ័យ)៖ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងក្រុមការងារក្នុងថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ បានឆ្លៀតពេលចុះពិនិត្យដំណាំស្រូវ និងកសិដ្ឋានចិញ្ចឹមទា របស់ប្រជាកសិករ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងការចុះពិនិត្យនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លោក គឹង វណ្ណៈ បានប្រាប់ឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្រោយពីមានភ្លៀងធ្លាក់ស្រូវមានការលូតលាស់ល្អ ចំណែកការចិញ្ចឹមទាក៏ទទួលបានលទ្ធផលល្អប្រសើរដែរកន្លងមកលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាចុះជួយខេត្តបន្ទាយមានជ័យ បានឲ្យកសិករទាំងនោះខ្ចី ដើមទុនដោយគ្មានការប្រាក់ពីសមាគមមូលនិធិ វ៉ាយអិលភី Y.L.P ដើម្បីផ្តល់លទ្ធភាពឲ្យកសិករបានយកទៅដាំដុះបន្លែ និងចិញ្ចឹមសត្វមានចំណូលលើកកម្ពស់ជីវភាពគ្រួសារ។

ក្នុងឱកាសដើរពិនិត្យមើលបន្លែគ្រប់មុខ និងកន្លែងចិញ្ចឹមសត្វនោះ លោក គឹង វណ្ណៈ បានធ្វើការអប់រំការបណ្ដុះបណ្ដាលពីរបៀបដាំដុះបន្លែជាលក្ខណៈគ្រួសារ និងជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីបង្កើនជីវភាពគ្រួសារហើយ ក្រៅពីការផ្គត់ផ្គង់ក្នុងគ្រួសារបន្លែធម្មជាតិទាំងនេះ អាចនាំយកទៅលក់នៅលើទីផ្សារ ក្នុងភូមិឃុំស្រុកថែមទៀតផង ព្រោះថាបន្លែទាំងនេះ គ្មានជាតិគីមីដែលមិនធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកហូប និងម្យ៉ាងទៀតជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាងផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការងារដាំដុះនេះអាចជាមុខរបររួមផ្សំមួយ នៅពេលទំនេរពីការងារបង្កបង្កើនផលស្រូវក្រុមគ្រួសារនីមួយៗ ដើម្បីបង្កើនជីវភាពគ្រួសារហើយសង្ឃឹមថា ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ នាំគ្នាបន្តដាំដុះបន្លែផ្លែឈើកាន់តែផុលផុសនាពេលខាងមុខ។

សព្វថ្ងៃនេះរដ្ឋបាលខេត្តកំពុងបង្កើតផ្សារសហគមន៍មួយស្ថិតក្នុងសួនមានជ័យ ក្នុងភូមិ ៣ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ឲ្យអាជីករលក់ភូមិមួយផលិតផលមួយលក់ក្នុងចុងសប្តាហ៍គឺ ថ្ងៃសុក្រ សៅរ៍ អាទិត្យហើយឲ្យដាក់លក់តែផលិតផលណាមានសុវត្ថិភាព និងផលិតផលក្នុងស្រុកក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងដើម្បីលើកស្ទួយផលិតផលក្នុងស្រុកឲ្យមានទីផ្សារ ហើយភ្ជាប់ទំនាក់ទំនងរវាងកសិករអ្នកផលិតទៅដល់អ្នកប្រើប្រាស់ចុងក្រោយ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ក្នុងស្រុក ដើម្បីបង្កើនការទទួលខុសត្រូវឲ្យបានមានតម្លៃបន្ថែមទៀតសម្រាប់អ្នកផលិតនឹងឈ្មួញក្នុងស្រុក។

ភូមិ១ផលិផល១ ចង់បង្ហាញពីសមទ្ធិផលដែលជាស្នាដៃរបស់ខ្មែរផលិតក្នុងស្រុក ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋជាតិ អន្តរជាតិឲ្យបានដឹងហើយក៏ ចង់ទាក់ទាញអ្នកវិនិយោគ ក្នុងស្រុកនិងក្រៅស្រុកឲ្យ ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផល ដែលបង្កើនឡើងដោយស្នាដៃកូនខ្មែរពិតៗ ក៏ដូចជាជួយស្វែងរកទីផ្សារដល់អាជីវករដែលបានផលិតបានទៀតផង។

លោកអភិបាលរងស្រុកបញ្ជាក់ថា «ផ្សារសហគមន៍នេះ ក៏ចង់ឲ្យជនជាតិបរទេសមកចាប់អារម្មណ៍លើផលិតផលរបស់ខ្មែរ និងក៏ដូចធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ឲ្យគេបានស្គាល់ពីស្នាដៃរបស់ខ្មែរដែលបានបន្សល់ទុកតាំងពីដូនតាយើងជាយូរមកហើយ ពិសេសយើងទាំងអស់គ្នាត្រូវជួយគាំទ្រផលិតផលរបស់យើង ជាជាងគាំទ្រផលិតផលនៅក្រៅស្រុក ដែលជាហេតុនាំឲ្យអាជីវករអ្នកផលិតបាក់ទឹកចិត្តក្នុងការផលិត នឹងត្រូវចូលរួមលុបបំបាត់ការនាំចូលផលិតផលចូលពីបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងខ្លួនយើងទៀតផង»

ភូមិ១ផលិតផល១ ក៏ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យជឿជាក់លើអ្នកផលិតក្នុងការច្នៃប្រឌិតផលិតផល១ ឬច្រើនប្រភេទតាមបច្ចេកទេស និងស្របតាមភូមិឋាន វប្បធម៌របស់ខ្លួនប្រកបដោយគុណភាពដោយប្រើវត្ថុធាតុដើម និងធនធាននៅក្នុងស្រុកដែលមានស្រាប់ សម្រាប់លក់លើទីផ្សាក្នុងប្រទេស និងអន្តរជាតិដោយឈរលើគោលការណ៍ច្បាស់លាស់ផងដែរ៕