(ពោធិ៍សាត់)៖ បុរសម្នាក់បានបាត់បង់ជីវិតក្នុងទឹកប្រឡាយ ដោយសារឆ្លងចរន្តអគ្គិសនី ក្នុងគ្រាដែលគាត់ព្យាយាមរាយខ្សែភ្លើងចេញពីផ្ទះ ដើម្បីឆក់ត្រីក្នុងប្រឡាយ ប៉ុន្តែជាអកុសលក៏ភ្លាត់ស្នៀតឆក់ខ្លួនឯង។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងទឹកប្រឡាយខាងជើងផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ៧០ម៉ែត្រ ស្ថិតនៅភូមិត្រាង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃន ឃី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសង្កាត់កើតហេតុ ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះបានរាយខ្សែភ្លើងចេញពីផ្ទះចំនួន២ដុំ ភ្ជាប់ជាមួយឬស្សីមានដែកប្រវែងប្រមាណជាង៣ម៉ែត្រ ចំនួន២កំណាត់ ក្នុងគោលបំណងឆក់ត្រី ប៉ុន្តែក៏ត្រូវភ្លាត់ស្នៀតបែបនេះ។
ករណីនេះសមត្ថកិច្ចបានសហការគ្នា ចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មុនធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕