(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទិញឧបករណ៍ត្រួតពិនិត្យល្បឿនចំនួន ១៨គ្រឿង បំពាក់ដល់នគរបាលចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស។
បើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឲ្យដឹងថា ឧបករណ៍ត្រួតពិនិត្យល្បឿនទាំង១៨គ្រឿង គឺនាំចូលពី សហរដ្ឋអាមេរិក អាចត្រួតពិនិត្យល្បឿន យានយន្តបានទាំងពេលថ្ងៃ និងពេលយប់ ក្នុងរយៈចម្ងាយជាង១០០០ម៉ែត្រ និងថតបាន ទាំងផ្លាកលេខ និងមុខរបស់អ្នកបើកបរបានយ៉ាងច្បាស់។
លោកឧត្តមសេនីយ៍ឯក បញ្ជាក់ទៀតថា ឧបករណ៍ទាំងនេះនឹងត្រូវបែងចែក ដល់នគរបាលចរាចរណ៍ ដើម្បីទប់ស្កាត់និងកាត់បន្ថយ អ្នកបើកបរល្មើសល្បឿនកំណត់ ដែលជាមូលហេតុចម្បងបង្កឲ្យ មានគ្រោះថ្នាក់កើតឡើង៕