(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ ក្រោមប្រធានបទ «ការកាត់បន្ថយ ភាពក្រីក្រ និងការកសាងភាពធន់ ការឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ១៩»។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ដឹកនាំដោយបណ្ឌិត Aung Thu រដ្ឋមន្ត្រីក្រសួងកសិកម្ម បសុសត្វ និងធារាសាស្ត្រនៃប្រទេសមីយ៉ាន់ម៉ា និងមានការចូលរួមដោយរដ្ឋមន្ត្រីទទួលបន្ទុកការងារអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ នៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងចែករំលែកនូវបទពិសោធ និងមេរៀននានា ទាក់ទងនឹងការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។
បន្ទាប់ពីមតិបើកដោយប្រធានអង្គប្រជុំ លេខាធិការដ្ឋានរបស់អាស៊ានបានរាយការណ៍ពីគំនិតផ្តួចផ្តើម និងយុទ្ធសាស្ត្រនានា ក្នុងការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រ ក្នុងបរិបទនៃជំងឺកូវីដ១៩។
សម្រាប់ប្រទេសកម្ពុជា បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានរាយការណ៍ពីស្ថានភាពនៃជំងឺកូវីដ១៩ ដែលគិតមកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ ត្រូវបានទប់ស្កាត់ទាន់ពេលវេលា និងមិនទាន់មានករណីឆ្លងក្នុងសហគមន៍នៅឡើយទេ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនៅតែបន្ត តាមដាន បង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ តាមរយៈយន្តការរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលដឹកនាំផ្ទាល់ដោយ សម្ដេចអគ្គមហាសេនាបតីតេជោរដ្ឋមន្ត្រី។
លោករដ្ឋមន្ត្រីបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដែលមានជាអាទិ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ការផ្គត់ផ្គង់ទឹកស្អាត ការសំអាតអនាម័យ ការអភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍជនជាតិដើមភាគតិចជាដើម ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់លក្ខខ័ណ្ឌនៃការរស់នៅរបស់ប្រជាជននៅជនបទ។
កិច្ចប្រជុំនេះបានចេញជាសេចក្ដីប្រកាសរួម ដោយផ្តោតលើវិធានការមួយចំនួនដូចតទៅ៖
១៖ គាំពារប្រជាជនដែលក្រីក្រ និងងាយរងគ្រោះដោយជំងឺកូវីដ១៩
២៖ គាំទ្រជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ដើម្បីធានាបាននូវលំនឹងសេដ្ឋកិច្ច ជនបទ និងប្រព័ន្ធស្បៀងអាហារ
៣៖ អនុវត្តតាមអភិក្រម គាំទ្រប្រជាជនក្រីក្រ ប្រកបដោយបរិយាប័ន្ន យេនឌ័រ និងការប្រែ ប្រួលអាកាសធាតុ
៤៖ ដោះស្រាយនូវឧបសគ្គនានាដែលស្ត្រី និងយុវជនជួបប្រទះ ដើម្បីប្រើប្រាស់នូវសក្តានុពលរបស់ពួកគាត់
៥៖ លើកកម្ពស់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ ទាំងផ្នែករូបវ័ន្ត សេដ្ឋកិច្ច និងធនធានមនុស្ស
៦៖ ពង្រឹងការធ្វើសមាហរណកម្មគោលនយោបាយ ដើម្បីដោះស្រាយគម្លាតអភិបាលកិច្ច រវាងទីប្រជុំជន និងទីជនបទ និងសហប្រតិបត្តិការអន្តរវិស័យក្នុងតំបន់អាស៊ាន៕