(ភ្នំពេញ)៖ គណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៩ តាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះដឹកនាំដោយលោក Kyaw Htin អគ្គនាយកនៃរដ្ឋបាលគយភូមា ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីគណៈប្រតិភូគយ នៃប្រទេសសមាជិកអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។
អគ្គនាយកគយអាស៊ានបានចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានទទួលស្គាល់ថាជំងឺកូវីដ-១៩នេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងលំហូរពាណិជ្ជកម្មអន្តរជាតិ។
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៩ ក៏បានកត់សម្គាល់លើវឌ្ឍនភាព និងសម្រេចលើការងារសំខាន់ៗមួយចំនួន រួមមាន៖
* ទី១៖ អនុវត្តដោយជោគជ័យផែនការយុទ្ធសាស្ត្រអភិវឌ្ឍនគយ ឆ្នាំ២០១៦-២០២០ និងបានអនុម័តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយ ឆ្នាំ២០២១-២០២៥។
* ទី២៖ អនុម័តក្រមប្រតិបត្តិរបស់ក្រុមការងារគយអាស៊ាន។
* ទី៣៖ ជំរុញការកែសម្រួលតារាងពន្ធគយអាស៊ាន AHTN ឆ្នាំ២០១៧ និងកសាងតារាងពន្ធគយអាស៊ាន AHTN ឆ្នាំ២០២២ ដើម្បីដាក់ឱ្យអនុវត្តនៅខែមករា ឆ្នាំ២០២២។
* ទី៤៖ បានលើកទឹកចិត្តឲ្យប្រឹងប្រែងរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធឆ្លងកាត់គយអាស៊ាននៅឆ្នាំ២០២០ ទោះស្ថិតក្នុងកាលៈទេសៈនៃការរីករាលជំងឺឆ្លងកូរីដ-១៩ ក៏ដោយ។
* ទី៥៖ វឌ្ឍនភាពនៃការដាក់បញ្ចូលព័ត៌មានពាក់ព័ន្ធនឹងបទប្បញ្ញត្តិសវនកម្មក្រោយពេលបញ្ចេញទំនិញ (PCA) លើគេហទំព័រផ្លូវការរបស់រដ្ឋបាលគយនីមួយៗ ដើម្បីបង្កើនការយល់ដឹងដល់វិស័យឯកជន។
* ទី៦៖ កត់សម្គាល់លើវឌ្ឍនភាពនៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា (ASEAN Network of Intellectual Property Enforcement Experts -ANIEE) និងក្រុមការងារអាស៊ានស្តីពីសារធាតុគីមី និងកាកសំណល់ (ASEAN Working Group on Chemicals and Waste-AWGCW)។
* ទី៧៖ កោតសរសើលើលទ្ធផលកសាងគេហទំព័រ Knowledge Based Service (KBS) និងបានដាក់បញ្ចូលបញ្ជីឈ្មោះអ្នកជំនាញការគយក្នុងតំបន់ និងអ្នកជំនាញការគយដែលទទួលស្គាល់ដោយអង្គការគយពិភពលោក (WCO Accredited Experts)។
* ទី៨៖ ស្វាគមន៍ការផ្លាស់ប្តូរវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ATIGA e-Form D តាមរយៈប្រព័ន្ធបញ្ជរតែមួយអាស៊ានចាប់ពីខែធ្នូ ឆ្នាំ២០១៩ និងបន្តរៀបចំការផ្លាស់ប្តូរប្រតិវេទន៍គយអាស៊ាន (ASEAN Customs Declaration Document -ACDD) ក្នុងឆ្នាំ២០២០ ក្នុងចំណោមសមាជិកដែលបានត្រៀមខ្លួនរួចរាល់។
អគ្គនាយកគយអាស៊ាន ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូនៃអង្គការគយពិភពលោក រដ្ឋបាលគយអូស្រ្តាលី ចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ និងបានពិគ្រោះយោបល់ជាមួយសមាគមធុរកិច្ចនៃវិស័យឯកជនសំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយអាស៊ាន និងវិស័យឯកជន ព្រមទាំងពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាមួយចំនួន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ចក្នុងតំបន់។
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៩ បានអនុម័តសេចក្ដីថ្លែងការណ៍រួមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ (Joint Press Statement) អំពីលទ្ធផលនៃកិច្ចប្រជុំនេះ។
សូមជម្រាបថា ចំពោះកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣០ នឹងត្រូវទទួលរៀបចំដោយរដ្ឋបាលគយនៃប្រទេសហ្វីលីពីន នាអំឡុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ៕