(ភ្នំពេញ)៖ ថ្លែងពីទីក្រុងប៉ារីស ប្រទេសបារាំង ទីដែលលោក ឡុង ឌីម៉ង៉ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ កំពុងបំពេញការងារនៅទីនោះ បានប្រាប់ដល់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ដោយសារសាលារាជធានីភ្នំពេញ បានដោះស្រាយបញ្ហាធ្វើ ប្រព័ន្ធលូ និងស្តារប្រឡាយនានា នាពេលកន្លងមកនោះ។ ដោយសម្រាប់ឆ្នាំ២០១៦នេះ ទីក្រុងភ្នំពេញអាចគេចផុតពីការគំរាមកំហែង ជំនន់ទឹកភ្លៀង បានរហូតដល់៦០%។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ការគេចផុតពីការគំរាមកំហែងជំនន់ទឹកភ្លៀងនេះ គឺដោយសារសាលារាជធានីភ្នំពេញ បានធ្វើតាមផែនការជាយុទ្ឋសាស្ត្រយូរអង្វែង និងទប់ស្កាត់ការរំលោភ លើដីចំណីប្រឡាយ គម្រោងនេះ នឹងស្ថាបនាបើកផ្លូវអមសងខាងប្រឡាយ ជាផ្លូវបេតុងអារមេ និងស្ថាបនាជើងប្រឡាយ ជាជញ្ជាំងបេតុងអារមេផងដែរ។ ចំណែកប្រឡាយ បាក់ទូកកំពុងស្ថាបនា ចាប់ពីផ្លូវទំនប់៧០ ដល់ផ្លូវបូរីទួលសង្កែ ប្រវែង២៩០០ម៉ែត្រ ទទឹងពី៨ទៅ៥០ម៉ែត្រ បន្ទាប់ពីស្ថាបនារួចប្រពន្ធ័ទាំងពីរខាងលើនេះ អាចរំដោះទឹកចេញពីតំបន់ទួលគោក តំបន់ស្រះចក ដូនពេញ និងតំបន់ទួលសង្កែ ឬអាចនិយាយបានថា អាចរំដោះទឹកពីភាគខាងជើង រាជធានីភ្នំពេញតែម្តង។
សូមជំរាបថា កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យការដ្ឋាន សាងសង់ស្ថានីយ៏បូមទឹកទំនប់ទួលគោក និងស្តារប្រឡាយបាក់ទូក ស្ថិតនៅខណ្ឌឬស្សីកែវ ដើម្បីបញ្ជៀសការលិចលង់រាជធានីភ្នំពេញ ដោយជំនន់ទឹកភ្លៀង សាលារាជាធានី បាននិងកំពុងស្តារប្រឡាយបាក់ទូក ដើម្បីរំដោះទឹកបង្ហូរចេញ ទៅក្រៅក្រុង ប្រឡាយមេនេះមានប្រវែង ៣៧០០ម៉ែត្រ ចេញពីផ្លូវលេខ៧០ រហូតដល់ប្រឡាយអូរវែង ភាគខាងជើងរាជធានី៕